មានការរាយការណ៍ថា ក្លិប Real Madrid កំពុងពិចារណាចុះហត្ថលេខាលើខ្សែប្រយុទ្ធ Kai Havertz របស់ក្លិប Chelsea ពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នារដូវក្តៅខាងមុខ។
Chelsea បាននាំយក Havertz បានមកកាន់ទឹកដី Stamford Bridge កាលពីឆ្នាំ ២០២០ បន្ទាប់ពីបានមើលឃើញគេបង្ហាញទម្រង់លេងដ៏ល្អបំផុតមួយ សម្រាប់ក្លិប Bayer Leverkusen នាអំឡុងពេលនោះ ។
យ៉ាងណាក៏ដោយ នៅរដូវកាលនេះ កីឡាករសញ្ជាតិអាល្លឺម៉ង់វ័យ២៣ឆ្នាំ ហាក់កំពុងជួបប្រទះនូវពេលវេលាដ៏លំបាកមួយ ដោយអាចរកបានត្រឹមតែ ៩ គ្រាប់ ក្នុងការបង្ហាញខ្លួន ៤១ ប្រកួត។ សម្រាប់កុងត្រាបច្ចុប្បន្នរបស់ Kai Havertz គឺនៅសល់តែពេល ២ ឆ្នាំទៀតប៉ុណ្ណោះ។
ដោយឡែក ការផ្សព្វផ្សាយនានាកន្លងមក បានបង្ហាញថា ក្លិប Bayern Munich ហាក់មានចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខានាំយក Havertz ទៅកាន់ទឹកដីអាល្លឺម៉ង់វិញ ប៉ុន្តែឥឡូវនេះ ក្លិប Real Madrid ក៏អាចនឹងចូលរួមប្រជែង ដើម្បីនាំយកកីឡាកររូបនេះផងដែរ ។
Real Madrid បច្ចុប្បន្ន ហាក់កំពុងព្យាយាមបន្តកុងត្រាថ្មីបន្ថែមសម្រាប់ Karim Benzema មួយរដូវកាលមួយទៀត តែជាមួយគ្នានោះ ក្លិបនៅលីគកំពូលអេស្ប៉ាញ ក៏បានត្រៀមខ្លួនរួចស្រេច ដើម្បីស្វែងរកជម្រើសថ្មី ក្នុងការមកជំនួសតំណែងកីឡាករបារាំងរយ:ពេលវែង៕