×

គ្រូ Man UTD សង្ឃឹមថា Raphael Varane អាចជាទាន់ការប្រកួតទល់នឹង Man City ក្នុងពានរង្វាន់ FA Cup

លោក Erik ten Hag បានបង្ហើបក្តីសង្ឃឹមថា ខ្សែការពារ Raphael Varane អាចនឹងមានវត្តមានចូលរួម ទាន់ពេលវេលាសម្រាប់ប្រកួតសំខាន់ខាងមុខ ដែល Man UTD ត្រូវតទល់នឹង Man City ក្នុងពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រ។

កីឡាករបារាំងវ័យ២៩ឆ្នាំ បានជួបប្រទះបញ្ហារបួស អំឡុងការប្រកួតទល់នឹង Sevilla ក្នុងពានរង្វាន់ UEFA Europa League ពោលគឺដំណាលគ្នានឹងអវត្តមាន Lisandro Martinez។

ទោះជាយ៉ាងណា Raphael Varane អាចត្រលប់មកវិញលឿនជាង Lisandro Martinez ដ្បិតការប្រកួតចុងក្រោយនៅ FA Cup ក៏អូសបន្លាយលើកពេល ដល់ថ្ងៃទី ៣ ខែមិថុនា ឯណោះ។

ជុំវិញរឿងនេះ គ្រូបង្វឹកសញ្ជាតិហូឡង់ បានលើកឡើងថា “ខ្ញុំគិតថាវាអាចទៅរួច ពិតណាស់ Varane សម្រាប់ពាន FA Cup គេអាចត្រលប់មកវិញទាន់ពេលវេលា។ សមត្ថភាពរបស់ Varane នឹងក្លាយជាការជម្រុញដ៏សំខាន់សម្រាប់ក្រុមរបស់យើង។”

វគ្គផ្តាច់ព្រ័ត្រ FA Cup ឆ្នាំនេះ ត្រូវបានចាត់ទុកជាជំនួបជួបគ្នាជាប្រវត្តិសាស្ត្រ ដោយ Man UTD ត្រូវប្រកួតទល់នឹង Man City ។ ក្រុមជើងខ្លាំងនៅអង់គ្លេសទាំង២ មិនដែលបានប៉ះគ្នាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ណាមួយឡើយ។

ការជួបគ្នាចុងក្រោយរវាង Man UTD និង Man City នៅទីលាន Wembley គឺកាលពីខែសីហា ឆ្នាំ២០១១ ក្រោមការដឹកនាំរបស់លោក Alex Ferguson ដែល Man UTD បានយកឈ្នះ Man City ៣-២ ក្នុងពានរង្វាន់ Community Shield៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង