លោក Erik ten Hag គ្រូបង្វឹក Man UTD បានធ្វើការស្តីបន្ទោសកាលវិភាគប្រកួតរបស់ក្រុមខ្លួន ថាមានភាពអាក្រក់បំផុត បន្ទាប់ពីការប្រកួតទល់នឹង Tottenham Hotspur ដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។
ជាការពិត ការប្រកួតក្របខណ្ឌ Premier League ដែលធ្វើឡើងនាទីលាន Tottenham Hotspur Stadium កាលពីយប់មិញ ក្រុមទាំង២បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២។ ការប្រកួតនោះគឺ Man UTD បាននាំមុខ២គ្រាប់មុន ក្នុងវគ្គទី១ ដែលជាការរកគ្រាប់បាល់ដោយ Jadon Sancho ក្នុងនាទី ៧ និង Marcus Rashford ក្នុងនាទី៤៤។
យ៉ាងណា ក្នុងវគ្គទី២ ក្រុម Tottenham Hotspur បានតាមស្មើបានសម្រេច ដែលជាការរកគ្រាប់បាល់ដោយ Pedro Porro នៅនាទី៥៦ និង Heung-min Son នៅនាទី៧៩ ដែលធ្វើអោយក្រុមទាំង២បានចែកគ្នាមា្នក់១ពិន្ទុប៉ុណ្ណោះ។
យ៉ាងណា ក្រោយពីរបូតឱកាសក្នុងការយកឈ្នះ លោក Erik ten Hag បានអះអាងថា ក្រុមរបស់ខ្លួនហាក់មានភាពនឿយហត់ច្រើន ព្រោះមានកាលវិភាគដ៏មមាញឹក។
បុរសជនជាតិហូឡង់បានអោយដឹងដូច្នេះថា “យើងមានកាលវិភាគដ៏អាក្រក់បំផុតនៅ Premier League ដែលនឹងមិនផ្លាស់ប្តូរ ហើយយើងត្រូវតែទទួលយកវា។ យើងមិនអាចប្រើវាជាលេសក្នុងការបរាជ័យបានទេ។ កីឡាកររបស់យើងត្រូវតែមានការត្រៀមខ្លួនជានិច្ច តែការប្រកួតនេះពួកគេមិនទាន់បានត្រៀមខ្លួនទេ។”
បច្ចុប្បន្ន ក្រុម Man UTD កំពុងឈរលេខ៤ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន៦០ពិន្ទុ ខណៈក្រុម Tottenham Hotspur នៅឈរលេខ៥ មាន៥៤ពិន្ទុ៕