លោក Ralf Rangnick អតីតគ្រូបង្វឹក Man UTD បានជម្រុញនិងអំពាវនាវអោយអតីតគ្រូបង្វឹក Bayern Munich លោក Julian Nagelsmann មកដឹកនាំក្លិប Tottenham Hotspur។
Spurs បានធ្លាក់ទម្រង់លេងជាពិសេសនាពេលប៉ុន្មានខែចុងក្រោយនេះ ដែលបណ្ដាលអោយក្លិប បញ្ចប់តំណែងគ្រូបង្វឹកដល់ទៅ ២ នាក់ ក្នុងនោះរួមមានលោក Antonio Conte កាលពីខែមីនា និង លោក Cristian Stellini កាលពីពេលថ្មីៗនេះ។
ជុំវិញរឿងនេះ លោក Rangnick បាននិយាយថា លោក Nagelsmann គួរតែទៅដឹកនាំ Tottenham Hotspur ជាបន្ត ដ្បិតបុរសវ័យ ៣៥ឆ្នាំ មិនទាន់មានក្លិបដឹកនាំទេ ក្រោយពីចែកផ្លូវគ្នាជាមួយ Bayern Munich រួចមក។
ការដែលលោក Ralf Rangnick ចង់អោយ លោក Julian Nagelsmann ទៅដឹកនាំ Spurs គឺដោយសារតែ Spurs ជាក្លិបដែលមានកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានល្អបំផុតលើលោក ហើយមានទីលាន និងសម្ភារៈហ្វឹកហាត់ដ៏ល្អ។ មិនតែប៉ុណ្ណោះ ក្លិប Spurs មានលោក Daniel Levy ដែលជាម្ចាស់ក្លិបមានបទពិសោធន៍ដឹកនាំជាច្រើនឆ្នាំ។
បច្ចុប្បន្ន គ្រូបង្វឹកបណ្ដោះអាសន្ន Ryan Howard កំពុងដឹកនាំ Tottenham Hotspur រហូតដល់ក្លិបរកគ្រូបង្វឹកអចិន្ត្រៃយ៍ថ្មីបាន ដើម្បីដឹកនាំក្លិបនៅរដូវកាលក្រោយ។
មានការផ្សព្វផ្សាយជាច្រើនបានលើកឡើងថា លោក Nagelsmann ជាបេក្ខភាពឈានមុខសម្រាប់តំណែងគ្រូបង្វឹកក្លិប Spurs បន្ទាប់ពីលោកដកខ្លួនពីការប្រជែងយកតំណែងដឹកនាំក្លិប Chelsea កាលពីពេលថ្មីៗនេះ៕