×

Chelsea អាចតែងតាំងលោក Mauricio Pochettino ជាគ្រូបង្វឹកថ្មី សប្តាហ៍ក្រោយ

សារព័ត៌មាន Sky Sports បានឱ្យដឹងថា ក្លិប Chelsea អាចនឹងប្រកាសតែងតាំងលោក Mauricio Pochettino ជាគ្រូបង្វឹកថ្មី នៅសប្តាហ៍ក្រោយ។

Chelsea បានផ្លាស់ប្តូរគ្រូបង្វឹកអចិន្ត្រៃយ៍ចំនួន២រូប រួចមកហើយ នៅរដូវកាលនេះ នៅពេលដែលលោក Thomas Tuchel ត្រូវបានចូលជំនួសវិញ ដោយលោក Graham Potter នៅដើមខែកញ្ញា ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអង់គ្លេស ត្រូវបានក្លិបបណ្តេញចេញវិញ បន្ទាប់ពីដឹកនាំក្រុមឈ្នះ ១២ លើកប៉ុណ្ណោះពីការប្រកួតសរុប ៣១ លើក។

បន្ទាប់ពីការចាកចេញរបស់ លោក Potter លោក Bruno Saltor ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្ន មុនពេលមានការវិលត្រឡប់មកវិញ របស់លោក Frank Lampard។

យ៉ាងណាក៏ដោយ មានប្រភពជាច្រើនបានបង្ហាញថា លោក Mauricio Pochettino អាចនឹងត្រូវបានក្លិបតែងតាំងជាគ្រូបង្វឹកថ្មី នៅក្នុងពេលឆាប់ៗខាងមុខនេះ ខណ:កិច្ចព្រមព្រៀងក្នុងនាំយកបុរសសញ្ជាតិអាហ្សង់ទីន មកកាន់ទឹកដី Stamford Bridge ជិតត្រូវបានប្រកាសជាផ្លូវការហើយ។

Chelsea អាចនឹងបញ្ជាក់ពីការមកដល់របស់គ្រូបង្វឹករូបនេះ នៅក្នុងសប្តាហ៍ក្រោយ ជាមួយនឹងលក្ខខណ្ឌចាប់បាច់ផ្សេងៗ ត្រូវបានពិភាក្សារួចរាល់ហើយ។

ការចរចាមានភាពវិជ្ជមាន ដោយបុរសវ័យ ៥១ ឆ្នាំ នឹងចាប់ផ្តើមការងាររបស់ខ្លួន ក្នុងនាមជាគ្រូបង្វឹកផ្លូវការរបស់ក្លិប Chelsea នៅពេលដែលរដូវកាលនេះត្រូវបញ្ចប់ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង