ក្លិបធំៗចំនួន២នៅក្របខណ្ឌ Premier League បានបង្កើនការចាប់អារម្មណ៍របស់ខ្លួនទៅលើខ្សែការពារកណ្តាលជនជាតិកូរ៉េខាងត្បូង Kim-Min Jae ដែលបច្ចុប្បន្នលេងអោយក្លិប Napoli នៅក្របខណ្ឌ Serie A ។
Kim-Min Jae ត្រូវបានចាត់ទុកជាខ្សែការពារកណ្តាលដែលមានសមត្ថភាព និងកាយសម្បទាល្អមាំមួនម្នាក់ ដែលបានបង្ហាញសមត្ថភាពជាក់ស្ដែងនៅ Napoli ។
នៅអាយុត្រឹមតែ ២៦ ឆ្នាំ រូបគេបានបង្ហាញពីភាពវ៉ៃឆ្លាត និងការលេងក្នុងជម្រើសដំបូងជាប់លាប់ ដែលនាំអោយក្លិបកំពូលៗជាច្រើនចាប់អារម្មណ៍ចង់បានរូបគេ។
ជាក់ស្តែង Man City និង Liverpool កំពុងស្វះស្វែងរកខ្សែការពារដ៏រឹងមាំ ដែលមួយរយៈចុងក្រោយមកនេះ ខ្សែការពាររបស់ពួកគេតែងជួបបញ្ហារបួស និងមិនសូវបង្ហាញទម្រង់លេងល្អ។
ទោះយ៉ាងណា ក្លិបនៅអង់គ្លេសទាំង២នេះ មិនមែនជាក្លិបដែលបង្ហាញចំណាប់អារម្មណ៍លើកីឡាកររូបនេះនោះទេ។ ក្លិប PSG នៅលីគកំពូលបារាំង ក៏បានផ្សារភ្ជាប់ជាមួយនឹង Kim-Min Jae ដោយបង្ហាញថាកីឡាកររូបនេះមានសក្តានុពលខ្លាំង ហើយក្លិបកំពូលៗជាច្រើនចង់បានរូបគេ។
សម្រាប់ក្លិប Napoli ដែលជាក្លិបអាណាព្យាបាលរបស់ Kim-Min Jae កំពុងឆ្ពោះទៅគ្រងតំណែងជើងឯកលីគកំពូលអ៊ីតាលី ជាលើកដំបូងរបស់ខ្លួន ដោយពួកគេកំពុងនាំមុខក្រុមលេខ២ Lazio ដល់ទៅ ១៨ពិន្ទុឯណោះ៕