×

ខ្សែប្រយុទ្ធ Ivan Toney រងពិន័យពី FA ករណីពាក់ព័ន្ធល្បែងភ្នាល់

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Brentford កីឡាករ Ivan Toney ត្រូវបានសមាគមបាល់ទាត់អង់គ្លេស FA ធ្វើការហាមឃាត់មិនឲ្យចូលលេងចំនួន៨ខែ និងពិន័យជាទឹកប្រាក់ចំនួន៥០០០០ផោន បន្ទាប់ពីរកឃើញថារូបគេពាក់ព័ន្ធនិងល្បែងភ្នាល់ចំនួន២៣២ករណី។

សម្រាប់ការពិន័យនោះ Ivan Toney នឹងមិនអាចចូលឲ្យក្លឹប Brentford និងក្រុមជម្រើសជាតិអង់គ្លេសរហូតដល់ថ្ងៃ 6ខែមករាឆ្នាំ 2024 ឯណោះ ហើយត្រូវបានព្រមានថានិងអាចបញ្ចប់អាជីពរបស់គេទៀតផងប្រសិនបើរឿងរាវបែបនេះកើតឡើងម្តងទៀត។ នេះបើតាមការឲ្យដឹងពីស្ថាប័នបាល់ទាត់អង់គ្លេស។

Ivan Toney វ័យ២៧ឆ្នាំ ត្រូវបានចោទប្រកាន់ដោយ FA កាលពីខែវិច្ឆិកាពីបទ រំលោភច្បាប់ល្បែងភ្នាល់ចំនួន 232ដង រវាង ឆ្នាំ2017 ដល់ឆ្នាំ2021។ ហើយរូបគេត្រូវបានចោទប្រកាន់ចំនួន30បន្ថែមទៀតកាលពីខែធ្នូកន្លងទៅ។
ចំពោះរឿងនេះសមាគមបាល់ទាត់អង់គ្លេសបាននិយាយថា ទោះបីជាពួកគេដកការចោទប្រកាន់ចំនួន៣០ដងចុងក្រោយក្តី ក៏ Toney នៅតែមានការចោទប្រកាន់ចំនួន២៣២ដងទៀតដដែល។ តែប្រសិនបើមានស្ថានភាពប្រែប្រួលណាមួយ FA និងធ្វើការបកស្រាយតាមក្រោយបន្ថែមទៀត។

ទោះបី Ivan Toney ហាមមិនឲ្យចូលលេងរយៈពេល៨ខែពិតមែន តែរូបគេអាចមកចូលហ្វឹកហាត់វិញបានធម្មតាបន្ទាប់ពីបំពេញការពិន័យបានរយៈពេល៤ខែគឺចាប់ពីថ្ងៃទី17ខែកញ្ញាឆ្នាំ2023 ។ បន្ទាប់ពីមានរឿងនេះកើតឡើងក្លឹប Brentford វិញក៏កំពុងធ្វើការពិចារណាចំពោះអនាគតរបស់កីឡាករផងដែរ។

គួរបញ្ជាក់ផងដែរថា Ivan Toney រដូវកាលនេះរកបាន២០គ្រាប់ឱ្យ Brentford ក្នុងក្របខណ្ឌ Premier League និងជួយឲ្យក្លឹបកំពុងឈរចំណាត់ថ្នាក់លេខ៩ ក្នុងលីគកំពូល អង់គ្លេសផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង