×

គ្រូ Man City ថា ខ្លួនមានមោទកភាពបំផុតដែលបានឈ្នះពានរង្វាន់ Premier League សាជាថ្មី

លោក Pep Guardiola គ្រូបង្វឹក Man City បាននិយាយថា រូបលោកមានភាពរីករាយ និង មោទនភាពបំផុតដែលបានដឹកនាំក្រុមមេឃខៀវយកបានតំណែងជើងឯកក្របខណ្ឌ Premier League សាជាថ្មីម្តងទៀត។

ជាការពិត Man City បានធានាជើងឯក Premier League បន្ទាប់ពីក្រុម Arsenal ដែលប្រដេញតំណែងជើងឯកយ៉ាងប្រកៀកប្រកិតរហូតមកនោះ បានប្រកួតចាញ់ក្រុម Nottingham Forest។
Man City ដែលទទួលបានជ័យជម្នះ១២ប្រកួតចុងក្រោយជាប់ៗគ្នា អាចរក្សាចំណាត់ថ្នាក់កំពូលតារាង មាន៨៨ពិន្ទុ និង២ប្រកួតក្នុងដៃ ខណៈ Arsenal មាន៨១ ពិន្ទុ ហើយនៅសល់តែ១ប្រកួតប៉ុណ្ណោះ។

ដូច្នេះហើយ បន្ទាប់ពីការប្រកួតឈ្នះ ក្រុម Chelsea ដោយលទ្ធផល ១-០ ដែលជាការស៊ុតបញ្ចូលទីរបស់ Julian Alvarez នៅក្នុងជំនួបប្រចាំសប្តាហ៍ទី ៣៧ នាកីឡដ្ឋាន Etihad កាលពីយប់មិញហើយនោះ ក្រុម Man City ក៏បានប្រារព្ធពិធីគ្រងជើងឯកលីគកំពូលអង់គ្លេស ប្រចាំរដូវកាល ២០២២-២៣ នៅលើទីលានរបស់ខ្លួនតែម្តង។

ថ្លែងឱ្យដឹងក្រោយចប់ការប្រកួតនិងការប្រារព្ធពិធីគ្រងជើងឯករួចមក លោក Pep Guardiola បានបញ្ចេញពីអារម្មណ៍រីករាយរបស់ខ្លួនថា “ តាំងពីដើមរដូវកាលមក Arsenal ត្រូវបានជឿថាជាក្រុមដែលមានភាគរយខ្ពស់ក្នុងការឈ្នះជើងឯក។ ប៉ុន្តែ ពួកយើង មិនបោះបង់ឱកាសនោះទេ។
យើងនៅតែសហការគ្នាយ៉ាងល្អ ក្នុងការប្រកួតកន្លងមក ហើយភាពល្អប្រសើរនេះហើយ ទើបធ្វើអោយពួកយើង អាចដណ្តើមយកជើងឯក Premier League មកវិញបាន។”

គ្រូបង្វឹកវ័យ ៥២ឆ្នាំបានបន្តថា “វាពិតជាមិនងាយស្រួលនោះទេ ប៉ុន្តែពួកយើងគ្រប់គ្នាអាចធ្វើបាន ហើយខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់។ វាជារឿងអស្ចារ្យ ហើយគ្រូបង្វឹក រួមទាំងកីឡាករគ្រប់គ្នា សុទ្ធតែដឹងអំពីរឿងនេះ។”

សូមបញ្ជាក់ថា នេះគឺជាលើកទី៣ជាប់គ្នា និង ជាលើកទី៩ ក្នុងប្រវត្តិសាស្ត្រ ដែលក្រុមមេឃខៀវ បានក្លាយជាជើងឯកក្របខណ្ឌ Premier League។ វាក៏ពានលីគកំពូលអង់គ្លេសទី៥ របស់លោក Pep Guardiola តាំងពីបានមកដឹកនាំ Man City តាំងពីឆ្នាំ២០១៦មក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង