កីឡាការិនីអត្តពលកម្មជនពិការ វ៉ិត ចន្ថា បានឈ្នះមេដាយមាស ២គ្រឿង និងមេដាយប្រាក់ ១គ្រឿងជូនប្រទេសកម្ពុជា កាលពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២២។
ចន្ថា បានដណ្ដើមមេដាយមាសលើវិញ្ញាសាកីឡាអត្តពលកម្ម លោតចម្ងាយ និងរត់ប្រណាំង៤០០ម៉ែត្រ រួមជាមួយនឹងមេដាយប្រាក់ លើវិញ្ញាសារតប្រណាំង ២០០ម៉ែត្រ នៅក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។
កីឡាការិនីដែលមានប្រភពមកពីខេត្តកំពង់ស្ពឺរូបនេះ មានបងប្អូន ៦នាក់ ស្រី២នាក់។ ដើមឡើយ ចន្ថា គឺជាកម្មការិនីរោងចក្រ ដែលគាត់អាចរកកម្រៃចិញ្ចឹមជីវិតបាន។ ប៉ុន្តែដោយសារស្រឡាញ់កីឡា គាត់បានចូលលេងកីឡាក្នុងឆ្នាំ២០១៤ ក្នុងនាមជាកីឡាការិនីរត់ចម្ងាយ១០០ម៉ែត្រ ២០០ម៉ែត្រ និង៤០០ម៉ែត្រ។
១ឆ្នាំក្រោយមក ទើបចន្ថាបានចូលរួមការប្រកួតជាលើកដំបូងនៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅប្រទេសសិង្ហបុរី។ រហូតដល់ដល់ឆ្នាំ២០១៧ គាត់ទទួលបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសាលោតចម្ងាយ និងសំរឹទ្ធ១គ្រឿងលើវិញ្ញាសារត់ប្រណាំង៤០០ម៉ែត្រ៕