×

គ្រូ Man UTD ថា បើមានព័ត៌មានថ្មីអំពីការផ្ទេរ Neymar លោកនឹងបញ្ជាក់ប្រាប់អ្នកគ្រប់គ្នា

លោក Erik Ten Hag គ្រូបង្វឹក Man UTD បាននិយាយឆ្លើយតបអំពីការផ្សព្វផ្សាយដែលក្រុមបិសាចក្រហមត្រូវផ្សារភ្ជាប់ទៅនឹងការផ្ទេរខ្សែប្រយុទ្ធ Neymar របស់ Paris Saint Germain នារដូវក្តៅខាងមុខ។

Paris Saint Germain ត្រូវបានរាយការណ៍ថា ចង់លក់ Neymar ចេញ ដើម្បីត្រៀមនាំចូលកីឡាករថ្មីៗមកជួយក្រុម។ កាលពីឆ្នាំ ២០១៧ Neymar បានមកចូលរួមជាមួយ Paris Saint Germain ពី Barcelona ក្នុងតម្លៃផ្ទេរកំណត់ត្រាថ្លៃបំផុត ពោលគឺ ២២២ លានអឺរ៉ូ។

ទន្ទឹមនឹងនេះ Man UTD ត្រូវបានផ្សព្វផ្សាយថា ពួកគេចង់នាំយក កីឡាករប្រេស៊ីល ដ្បិតក្រុមកំពុងតែស្ថិតឆ្ពោះទៅរកការប្រកួត UEFA Champions League នៅរដូវកាលក្រោយ ដែលវាជាកត្តាមួយដើម្បីសម្រេចចិត្តចុះហត្ថលេខានាំយក Neymar អោយខានតែបាន។

នៅពេលត្រូវសួរនាំអំពីការនាំយក Neymar នោះ លោក Erik Ten Hag បានឆ្លើយតបយ៉ាងខ្លីថា “បើមានព័ត៌មានទាក់ទិននឹងរឿងនេះ យើងនឹងប្រាប់អស់លោកអ្នក។”

ក្នុងពេលលេងឱ្យ Paris Saint Germain បានជាង ៦ រដូវកាលកន្លងមក Neymar បានបង្ហាញទម្រង់ល្អ តែមានបញ្ហារបួសយ៉ាងខ្លាំង។ ក្នុងនោះ ក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយ Neymar លេងបានតែ ១៧៣ ប្រកួតប៉ុណ្ណោះ។ ទោះលេងបានតិច កីឡាករបានស៊ុតចូលដល់ទៅ ១១៨ គ្រាប់។
តាមពិតទៅ មានក្លិបនៅក្របខណ្ឌ Premier League ជាច្រើនដែលចាប់អារម្មណ៍ Neymarហើយបានពិភាក្សាជាមួយ Paris Saint-Germain ប៉ុន្តែ Man UTD ត្រូវបានគេអះអាងថា មានភាគរយខ្ពស់ជាងគេនៅពេលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង