Manchester United បានកក់កៅអីសម្រាប់លេងនៅក្របខណ្ឌ Champions League នៅរដូវកាល ២០២៣-២៤ ដោយនៅសល់១ប្រកួតចុងក្រោយមុនចប់រដូវកាលនេះ បន្ទាប់ពីការទទួលជ័យជម្នះលើក្រុម Chelsea នៅកីឡដ្ឋាន Old Trafford កាលពីយប់មិញ។
Casemiro បានតែតបញ្ចូលទីឱ្យក្រុមម្ចាស់ផ្ទះនាំមុខនៅនាទីទី៦ ហើយ Anthony Martial បានស៊ុតបាល់បញ្ចូលទីនៅនាទីទី៤៥បូក៥ពីការបញ្ជូនរបស់ Jadon Sancho ។ Bruno Fernandes បានបន្ថែមគ្រាប់បាល់ទី៣ របស់ Man Utd ពីការស៊ុតបាល់ប៉េណាល់ទីក្នុងនាទី៧៣ បន្ទាប់ពីត្រូវបានបង្កកំហុសដោយ Wesley Fofana ។ ហើយកំហុសមួយទៀតរបស់ Fofana បានធ្វើឱ្យ Marcus Rashford រកបានគ្រាប់ទី៤ មុនពេល Joao Felix រកបាន១គ្រាប់សម្រាប់ក្រុមតោខៀវ។
ទោះជាយ៉ាងណា ខ្សែបម្រើស្លាបប្រេស៊ីល Antony ត្រូវបានប្ដូរចេញទាំងទឹកភ្នែក បន្ទាប់ពីរងរបួសជើង ក្នុងការប្រជែងជាមួយ Trevoh Chalobah។ នេះគឺជាដំណឹងអាក្រក់មួយ សម្រាប់ Man Utd ដែលនឹងត្រូវវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup ជាមួយ Manchester City ក្នុងរយៈពេលជាង១សប្ដាហ៍ទៀត។
ក្រុមបិសាចក្រហម បានឡើងឈរនៅចំណាត់ថ្នាក់លេខ៣វិញ លើស Newcastle ចំនួន ២ពិន្ទុ។ ចំណែក Chelsea នៅតែស្ថិតនៅចំណាត់ថ្នាក់លេខ១២ ដោយមាន ៤៣ពិន្ទុក្នុង ៣៧ប្រកួត នៅក្របខណ្ឌ Premier League សម្រាប់រដូវកាលដ៏ខកចិត្តមួយ ក្រោមការគ្រប់គ្រងរបស់ម្ចាស់ក្លិបថ្មីរបស់ពួកគេ៕