លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានថ្លែងថា គណៈកម្មាធិការរំពឹងថា កម្ពុជាអាចឈ្នះមេដាយមាស ៨ គ្រឿង មេដាយប្រាក់ ២១គ្រឿង មេដាយសំរឹទ្ធ ២៧គ្រឿងនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
របាយការណ៍នេះត្រូវបានធ្វើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចតេជោបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកីឡាករកីឡាការិនី អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នារសៀលថ្ងៃទី២៦ ខែឧសភានេះ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបន្តថា កម្ពុជា អាចស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេសទាំង ១១ ដែលចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ ដែលចាប់ផ្ដើមប្រកួតពីថ្ងៃទី៣ ដល់ ៩ ខែមិថុនា ឆ្នាំ២០២៣។
កម្ពុជាមានអត្តពលិកសរុប ២៥២នាក់ ប្រុស ១៧៦នាក់និងស្រី ៧៦នាក់, គ្រូបង្វឹកគ្រូបង្វឹកជំនួយ ចំនួន ៧០នាក់, ថ្នាក់ដឹកនាំ ១៦នាក់, គ្រូពេទ្យ ១នាក់, អ្នកដឹកនាំក្រុម ៤នាក់, នាយបេសកកម្មចំនួន ១នាក់ និងនាយបេសកកម្មរង ៣នាក់។
អត្តពលិកកម្ពុជា ចូលរួមប្រកួតលើ ២៦១ វិញ្ញាសា ក្នុងនោះមានវិញ្ញាសាបុរស ១៦០ វិញ្ញាសានារី ៨០ វិញ្ញាសាគូចម្រុះ ៦ វិញ្ញាសាក្រុមចំនួន ១៣៕