ក្លិបតោខៀវ Chelsea បានបញ្ជាក់ថា ពួកគេនឹងតែងតាំងគ្រូបង្វឹកថ្មីគឺលោក Mauricio Pochettino ជាមួយនឹងកុងត្រាដឹកនាំរយៈពេល២ឆ្នាំ ហើយមានជម្រើសក្នុងការបន្តកុងត្រាថ្មីរយៈពេល១ឆ្នាំបន្ថែមទៀត។
បុរសជនជាតិអាហ្សង់ទីនវ័យ៥១ឆ្នាំ នឹងមកដឹកនាំ Chelsea ជាផ្លូវការចាប់ពីថ្ងៃទី១ ខែកក្កដា ខាងមុខនេះតទៅ ដោយជំនួសតំណែងលោក Frank Lampard ដែលក្លិបបានតែងតាំងឱ្យដឹកនាំបណ្តោះអាសន្នកាលពីចុងរដូវកាលកន្លងទៅ ដែលជួយឱ្យ Chelsea បញ្ចប់រដូវកាលបានត្រឹមចំណាត់ថ្នាក់លេខ១២ ក្នុងក្របខណ្ឌ Premier league។
នេះគឺជាចំណាត់ថ្នាក់ដ៏អាក្រក់មួយដែល Chelsea ទទួលបានចាប់តាំងពីឆ្នាំ ១៩៩៣-៩៤ មកម្ល៉េះ ដោយកាលនោះពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់លេខ១៤ឯណោះ។
ទន្ទឹមនឹងនោះ ម្ចាស់ក្លិប Chelsea ក៏បានចេញសេចក្តីថ្លែងការណ៍ថា លោក Pochettino គឺជាគ្រូបង្វឹកដ៏អស្ចារ្យ និងមានកំណត់ត្រាល្អៗជាច្រើន ពួកយើងពិតជាអន្ទះសាក្នុងការរង់ចាំគាត់មកដឹកនាំជាខ្លាំង។ លោក Pochettino ក៏ធ្លាប់មានបទពិសោធក្នុងការដឹកនាំក្លិបនៅអង់គ្លេសមួយចំនួនដូចជា Southampton និង Spurs ជាដើម។ ហើយពួកយើងជឿជាក់ថា គាត់នឹងជួយឱ្យ Chelsea ល្អប្រសើរឡើងវិញ។
សូមបញ្ជាក់ថា លោក Mauricio Pochettino ធ្លាប់មានប្រវត្តិដឹកនាំក្លិបធំៗជាច្រើនដូចជា Tottenham Hotspur និង Paris Sit Germain។ លោក Pochettino គឺជាគ្រូបង្វឹកទី៣ហើយចាប់តាំងពីលោក Todd Boehly បានឡើងកាន់កាប់តំណែងជាម្ចាស់ក្លិបថ្មីមក៕