×

ក្រុមការងារស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម២០២៣ នៅតែបំពេញការងារទោះយប់កណ្ដាលអធ្រាត្រក៏ដោយ

ទោះបីជាការងារស្ម័គ្រចិត្តក៏ពិតមែន ក៏ក្រុមការងារស្ម័គ្រចិត្តនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ បានបង្ហាញពីស្មារតីទទួលខុសត្រូវ និងការលះបង់យ៉ាងធំធេង ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ក្រុមអត្តពលិកដែលមានពិការភាព និងមន្ត្រីមកពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នានា ទាំងយប់កណ្ដាលអធ្រាត្រ នៅពេលដែលប្រជាពលរដ្ឋទូទៅកំពុងសម្រាកលង់លក់។

ជាក់ស្ដែង កាលពីយប់ម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភានេះ ក្រុមការងារស្ម័គ្រចិត្តរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនូវក្រុមអត្តពលិកដែលមានពិការភាពមកពីប្រទេសហ្វីលីពីន ដែលមកចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២។

បដិសណ្ឋារកិច្ចយ៉ាងល្អនេះហើយ ដែលបានធ្វើឱ្យកម្ពុជាទទួលបានការកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់ក្រុមអត្តពលិកដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលបានបញ្ចប់កាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ។

បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា “Lorenza Dumaligan” បានសរសេរថា៖ “អរគុណប្រទេសកម្ពុជាសម្រាប់ការផ្ដល់ជូននូវបដិសណ្ឋារកិច្ចដ៏អស្ចារ្យ។ អ្នកតែងតែធ្វើរឿងដ៏ល្អបំផុត”។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ផ្ដើមពីថ្ងៃទី៣ ដល់ ៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានអត្តពលិកនិងមន្ត្រីដែលចូលរួមចំនួន ២.៦៩២នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង