គិតមកដល់ត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះឈ្មោះចូលរួមយកព័ត៌មាន នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ មានចំនួនជាង ៥០០នាក់ហើយ ក្នុងនោះមានអ្នកសារព័ត៌មានអន្តរជាតិជាង១០០នាក់។ នេះបើយោងតាម Camsoc ។
លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានប្រាប់នៅក្នុងបទសម្ភាស ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាល MPC សម្រាប់ការបម្រើកិច្ចការរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕