ពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
កម្មវិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅម៉ោង ៧ យប់ ថ្ងៃទី៣មិថុនា ជាមួយនឹងការរាប់ថយក្រោយ ពីលេខ១២ ដល់លេខ១ (អុចកាំជ្រួច)។ បន្ទាប់មក នឹងមានការដង្ហែទង់ជាតិ និងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងការមកដល់របស់ក្បួនប្រតិភូកីឡាជនពិការអាស៊ានទាំង១១ប្រទេស។
ជាមួយនឹងសន្ទរកថា និងផ្ទាំងទស្សនីយភាពសិល្បៈជាបន្តបន្ទាប់រួចហើយនោះ នឹងឈានដល់ការរត់ភ្លើងគប់ ដើម្បីអុជភ្លើងគប់ធំ។ នៅទីបំផុត នឹងមានការអុជកាំជ្រួចអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដែលមានរយៈពេល ៤ នាទី។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ផ្ដើមពីថ្ងៃទី៣ ដល់ ៩ ខែមិថុនា ជាមួយនឹងពិធីបិទប្រារព្ធនៅថ្ងៃចុងក្រោយផងដែរ៕