ក្រុមកីឡាការិនីកម្ពុជា បានយកឈ្នះក្រុមកីឡាការិនីថៃ ដោយលទ្ធផល ១១-៩ នៅវគ្គផ្ដាច់ព្រ័ត្រ វិញ្ញាសាបាល់បោះរទេះផ្នែកនារី ៣ទល់៣ នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី៣ ខែមិថុនានេះ។
ក្នុងការប្រកួតនេះ ក្រុមកីឡាការិនីកម្ពុជា និងក្រុមកីឡាការិនីថៃ ទទួលបានពិន្ទុស្មើគ្នា ៩-៩ ក្នុងម៉ោងធម្មតា។ ដូច្នេះ ត្រូវបន្ថែម៥នាទី ហើយក្រុមដែលរកបាន ២ពិន្ទុមុននឹងទទួលបានជ័យជម្នះ។ នៅទីបំផុត កីឡាការិនី អាន ស៊ីណែត គឺជាអ្នកស៊ុតបញ្ចូលទី២គ្រាប់ដែលជាគ្រាប់បាល់ជ័យជម្នះសម្រាប់កម្ពុជា។
ក្រុមបាល់បោះនារី បានឈ្នះមេដាយមាសលើកដំបូងជូនកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។
កម្ពុជាបានការពារមេដាយមាសរបស់ខ្លួនបានសម្រេចលើវិញ្ញាសាបាល់បោះរទេះនារី៣ទល់៣ បន្ទាប់ពីឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី។
ដោយឡែកក្រុមបាល់បោះរទេះផ្នែកបុរសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីប្រកួតចាញ់ក្រុមម៉ាឡេស៊ី លើវិញ្ញាសា៣ទល់៣៕