ក្រុមជម្រើសជាតិកម្ពុជា បានឈានទៅកាន់វគ្គ ៤ក្រុមចុងក្រោយ លើវិញ្ញាសា Mobile Legends: Bang Bang (MLBB) នៃប្រភេទកីឡា Esports ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ បន្ទាប់ពីការប្រកួតវិលជុំក្នុងពូល បានបញ្ចប់កាលពីម្សិលមិញ ដោយរកឃើញក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៤។
ក្រុមជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះ១ និងចាញ់២ នៅក្នុងការប្រកួតក្នុងពូល ដោយយកឈ្នះក្រុមជម្រើសជាតិថៃ តែចាញ់ក្រុមហ្វីលីពីន និងម៉ាឡេស៊ី។
ជាលទ្ធផលនៃការប្រកួតដ៏ស្វិតស្វាញ កាលពីថ្ងៃអាទិត្យម្សិលមិញ ឃើញថា ក្រុមជម្រើសជាតិហ្វីលីពីនជាក្រុមខ្លាំង ដែលដណ្ដើមបានចំណាត់ថ្នាក់លេខ១ក្នុងពូល ដោយពុំមានក្រុមណាអាចយកឈ្នះលើពួកគេបានឡើយ។ ចំណែកក្រុមលេខ២ បានទៅលើម៉ាឡេស៊ី ដែលឈ្នះ២ប្រកួត និងចាញ់១ប្រកួត។ រីឯក្រុមថៃ បញ្ចប់នៅចំណាត់ថ្នាក់បាតតារាង ដោយពុំមានពិន្ទុឡើយ។
ទោះជាយ៉ាងណា មិនមានក្រុមណាមួយត្រូវបាន់កាត់ចេញពីការប្រកួតនោះទេ។ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែមិថុនានេះ ជាមួយនឹងការប្រកួតក្រុមលេខ១ ប៉ះក្រុមលេខ៤ ខណៈក្រុមលេខ២ ប៉ះក្រុមលេខ៣។
កម្ពុជា នឹងជួបម៉ាឡេស៊ី ដែលជាការសងសឹកក្នុងការប្រកួតវគ្គសន្សំពិន្ទុ ដែលយើងបានចាញ់ម៉ាឡេស៊ីទាំងពីរ Match ក្នុងការប្រកួតទី២។ សម្រាប់ ការប្រកួតរវាងហ្វីលីពីន និងថៃ នឹងរកឃើញក្រុមដែលឈ្នះ ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រជួបជាមួយក្រុមកម្ពុជា ឬម៉ាឡេស៊ី នៅល្ងាចនេះ៕