ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះទៅលើក្រុមជម្រើសជាតិថៃ ក្នុងការប្រកួតដណ្ដើមមេដាយសំរឹទ្ធ នៅលើវិញ្ញាសា Mobile Legends: Bang Bang ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅ Nagaworld 2 នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ។
ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្នុងការប្រកួតថ្ងៃទីមួយ និងថ្ងៃទីពីរកន្លងមក ក្រុមជម្រើសជាតិកម្ពុជាទទួលបានជ័យជម្នះ ២ប្រកួត និងបរាជ័យ ៣ប្រកួត។ ដោយនៅក្នុងវគ្គសន្សំពិន្ទុ កម្ពុជា បានចាញ់ហ្វីលីពីន ០–២ និងម៉ាឡេស៊ី ០–២ ប៉ុន្តែឈ្នះក្រុមថៃ ២–០ ។ ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្ពុជាចាញ់ម៉ាឡេស៊ី ០–២ ហើយវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយសំរឹទ្ធ កម្ពុជាយកឈ្នះថៃសាជាថ្មី ដោយលទ្ធផល ២–០ ។
សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស រវាងហ្វីលីពីន និងម៉ាឡេស៊ី នឹងធ្វើឡើងនាល្ងាចថ្ងៃដដែលផងដែរ។
កីឡា Esports គឺជាកីឡាដែលត្រូវបានដាក់បញ្ចូលនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមជាលើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣នេះ។ ការឈ្នះមេដាយនៅក្នុងវិញ្ញាសា Mobile Legends មិនត្រូវបានរាប់បញ្ចូលទៅក្នុងតារាងមេដាយសរុបនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២នោះទេ ដោយសារតែជាកីឡាសម្ដែង៕