×

អាស៊ានប៉ារ៉ាហ្គេម២០២៣៖ កម្ពុជានឹងជ្រើសរើសជនពិការចូលរួមកីឡារយៈពេលវែងបន្ថែមទៀត ដើម្បីឲ្យវិស័យកីឡាជនពិការ កាន់តែមានវឌ្ឍនភាព និងប្រសិទ្ធភាព

ភ្នំពេញ៖ លោក យី វាសនា បានថ្លែងថា ក្រៅពីបន្សល់ទុកនូវកិត្យានុភាពជាតិ តាមរយៈអាស៊ានប៉ារ៉ាហ្គេម កម្ពុជានឹងជ្រើសរើសជនពិការចូលរួមកីឡារយៈពេលវែងបន្ថែមទៀត ដើម្បីឲ្យវិស័យកីឡាជនពិការរបស់កម្ពុជាកាន់តែមានវឌ្ឍនភាព និងប្រសិទ្ធភាព។

ការលើកឡើងនេះរបស់លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី០៦ ខែមិថុនា។

លោក យី វាសនា មានប្រសាសន៍ថា«ជាទូទៅចប់ពីស៊ីហ្គេមនិងប៉ារ៉ាហ្គេមយើងមានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ទីមួយទីលានសល់ជាមរកសម្រាប់កូនខ្មែរពេលនេះនិងជំនាន់ក្រោយដូចពហុកីឡដ្ឋានមរកតតេជោមួយយ៉ាងធំស្កឹមស្កៃ។យើងឃើញហើយថាការបើកស៊ីហ្គេម-ប៉ារ៉ាហ្គេមគឺមានការកោតសរសើរខ្លាំងណាស់ដែលគេនិយាយគ្រប់មាត់នៅទូទាំងពិភពលោកថាមិនដែលមានដែលរៀបចំខ្នាតស្តង់ពិភពលោកដែលអាស៊ានមិនធ្លាប់មាន»។

លោកបន្ដថា «ចំពោះអ្នកដែលធ្វើក្រោយយើងគឺលំបាកបន្ដិចហើយ។ ទាំងនេះហើយគឺជាកិត្តិនាមនិងកិត្តិសព្ទរបស់យើងហើយប្រភេទកីឡាផ្សេងៗក៏បានចូលរួមច្រើនដែលនេះគឺជាឧត្តមភាពកម្ពុជា»។

លោក យី វាសនា បានបន្ថែមថា សំខាន់បំផុតសល់ក្រៅពីអ្វីដែលយើងចប់ស៊ីហ្គេម-ប៉ារ៉ាហ្គេមគឺសក្ដានុពលអត្តពលិកជនពិការ។

សូមជម្រាបថា សម្រាប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ មានចំនួន ១២ ប្រភេទកីឡា ត្រូវបានប្រកួត។

សូមជម្រាបថា ព្រឹត្តិការណ៍ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នេះ មានការចូលរួមពី បណ្តាប្រទេស ដូចជា ប្រទេសព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រ និងប្រទេសកម្ពុជា ដែលមានកីឡាករ កីឡាការិនី ចូលរួមសរុប ១.៤២៣ នាក់ លើប្រភេទកីឡាចំនួន ១៤ ត្រូវនឹង ១៦០ វិញ្ញាសា។ ខណៈនេះ ម្ចាស់ផ្ទះកម្ពុជា មានមេដាយសរុប៣១ គ្រឿង ដោយបន្តឈរនៅលេខរៀងទី៨ រួមមាន មេដាយមាស ៣, ប្រាក់ ១២ និងសំរឹទ្ធ ១៤គ្រឿង៕

អត្ថបទ៖ វឿន សាវុធ/CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង