×

ពិធីបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ មានផ្ទាំងទស្សនីយភាពជាច្រើនដូចពិធីបើក

ពិធីបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនាថ្ងៃទី៩ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ពិធីបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងចាប់ផ្ដើមជាផ្លូវការនៅម៉ោង ៧ យប់ថ្ងៃទី៩មិថុនា ជាមួយនឹងការសម្ដែងសិល្បៈចម្រៀង គុនល្បុក្កតោ និងការដង្ហែក្បួនអត្តពលិកជនពិការ អ្នកស្ម័គ្រចិត្ត ព្រមទាំងមានការបង្ហាញវីដេអូខ្លី និងសន្ទរកថាប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន។

សម្ដេចតេជោនឹងថ្លែងសន្ទរកថា និងប្រកាសបិទជាផ្លូវការព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយភ្លើងគប់ នឹងត្រូវពន្លត់។ បន្ទាប់មក ក៏នឹងមានការផ្ទេរទង់សហព័ន្ធកីឡាជនពិការអាស៊ានសម្រាប់ប្រទេសថៃ ដែលនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១៣ជាបន្ត។

ពិធីបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងមានការបាញ់កាំជ្រួចអបអរសាទររយៈពេល ៥នាទី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង