ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ កីឡាករ កីឡាការិនីពិការភាពប្រទេសកម្ពុជា បានបំបែកកំណត់ត្រា ទទួលបានមេដាយមាសច្រើនជាងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី ១១ នៅប្រទេសឥណ្ឌូណេស៊ីកន្លងមក។ នេះជាប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការរៀប ចំព្រឹត្តិការណ៍ស៊ីហ្គេមអាស៊ាន លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ កាលពីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រសាសន៍បញ្ជាក់ថា នៅក្នុងឱកាសប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១២នេះ កីឡាករ កីឡាការិនី បានទទួលមេដាយមាស ចំនួន៨ ហើយរយៈពេល៧ថ្ងៃនេះ ដែលការប្រកូតប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ទទួលបានមេដាយមាសតែ ចំនួន៧ប៉ុណ្ណោះ។ សម្តេចពិជ័យសេនាទៀ បាញ់ មានជំនឿថា នៅរយៈពេល២ថ្ងៃទៀត កីឡាករ កីឡាការិនីពិការ ភាពកម្ពុជា នឹងខិតខំប្រកួតដណ្តើមមេដាយមាសបន្ថែមទៀត មកជូនជាតិមាតុភូមិ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា ការប្រកួតអាស៊ានប៉ារ៉ាហ្គេម បានប្រកួតដល់ថ្ងៃទី៧ ហើយ គិតចាប់ពីថ្ងៃទី ៣ ខែមិថុនា ហើយនៅថ្ងៃទី៩ ខែមិថុនា នឹងបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ។ ការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើក ទី១២ឆ្នាំ២០២៣ នេះគឺកម្ពុជា បានរៀបចំប្រកួតទទួលបានជោគជ័យធំធេងណាស់ និងទទួលបានការកោតសរសើរ ពីបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេស នានា លើពិភពលោក ពីព្រោះពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានរៀបចំយ៉ាងល្អ ស្របតាមនិយាមអន្តរជាតិ គឺប្រហែលជាពុំមានប្រទេសណាមួយ អាចធ្វើដូចកម្ពុជាបានទេ។
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ទៀតថា កម្ពុជាពុំដែលគិតពីការដណ្តើមមេដាយមាស ឱ្យបានច្រើនពីការប្រកួតនោះទេ ពីព្រោះការប្រកួតនេះ គឺជាលើកទី១ ហើយកីឡាកររបស់យើង មានការហ្វឹកហ្វឺនរយៈពេលខ្លី តែទោះបីជាយ៉ាងណា កីឡាករយើងទាំងអស់ សុទ្ធតែមានឆន្ទៈប្រកួត មានស្មារតីទទួលខុសត្រូវពេលប្រកួត ហើយបំពេញភារកិច្ចបានពេញលេញ ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ នេះ។
សម្តេចពិជ័យសេនាទៀ បាញ់ បញ្ជាក់ទៀតថា តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងទទួលបានបទពិសោធន៍ល្អៗ និងយុទ្ធសាស្ត្របន្ថែមទៀត៕
ដោយ៖វង សុភ័ក្ត្រ/CNC