លោក យឹម វណ្ណា គ្រូបង្វឹកក្រុមកីឡាករបាល់ទះអង្គុយជម្រើសជាតិកម្ពុជា បានទទួលបង្ហាញការសោកស្ដាយចំពោះលទ្ធផលដែលខុសពីការគ្រោងទុក ខណៈក្រុមបាល់ទះអង្គុយកម្ពុជា ទទួលបានត្រឹមតែមេដាយសំរឹទ្ធ នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កម្ពុជាគឺជាក្រុមការពារមេដាយមាស លើវិញ្ញាសាបាល់ទះអង្គុយផ្នែកបុរសនេះ បន្ទាប់ពីបានឈ្នះមេដាយមាស នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី។
ទោះជាយ៉ាងណា លោក យឹម វណ្ណា បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរបន្តគាំទ្រដល់អត្តពលិករបស់យើង សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅប្រទេសថៃ ឆ្នាំ២០២៥។
សម្រាប់ផែនការទៅមុខ គ្រូបង្វឹកកម្ពុជារូបនេះ បានបង្ហើបឱ្យដឹងថា យើងនឹងបន្តផ្សព្វផ្សាយដើម្បីជ្រើសរើសកីឡាករថ្មីៗដែលមានពិការភាព និងមានកម្ពស់។ លោកគ្រូបានសង្កត់ធ្ងន់ថា កីឡាករមួយចំនួន បានវ័យចំណាស់ ដូច្នេះកម្លាំងសុះក៏ធ្លាក់ចុះផងដែរ។
“ខ្ញុំនៅតែជឿជាក់លើ ហើយយើងនឹងផ្សព្វផ្សាយបន្តទៀត ដើម្បីស្វែងរកកីឡាករថ្មីៗ ហើយមានកម្ពស់សម្រាប់កីឡាបាល់ទះអង្គុយយើងនេះ។ បងប្អូនយើងខ្លះក៏មានវ័យចំណាស់ដែរ ហើយការលេងរបស់គាត់ក៏ធ្លាក់។ បើកម្លាំងឆាប់អស់ អាចប៉ះពាល់ដល់បច្ចេកទេស។” នេះបើយោងតាមការបញ្ជាក់របស់លោក វណ្ណា៕