ក្រុមអត្តពលិកកម្ពុជា បានឈ្នះមេដាយលើសពីការរពឹងទុករបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា តាមរយៈការឈ្នះមេដាយសរុប ៧០ គ្រឿង មេដាយមាស ៩ គ្រឿង ប្រាក់ ១៨ គ្រឿង និងសំរឹទ្ធ ៤៣ គ្រឿង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
មុនការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ គណៈកម្មាធិការប៉ារ៉ាឡាំពិកជាតិប៉ារ៉ាឡាំពិកកម្ពុជា បានដាក់គោលដៅអត្តពលិករបស់យើង អាចឈ្នះមេដាយត្រឹមតែសរុប ៥៦ គ្រឿងប៉ុណ្ណោះ ក្នុងនោះ មេដាយមាស ៨ គ្រឿង ប្រាក់ ២១ គ្រឿង និងសំរឹទ្ធ ២៧ គ្រឿង។ ការបង្ហាញនេះ ត្រូវបានធ្វើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចតេជោបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកីឡាករកីឡាការិនី អាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា។
គិតត្រឹមម៉ោង ១១:១៥ នាទីព្រឹកថ្ងៃទី៩ ខែមិថុនានេះ ឥណ្ឌូណេស៊ីនៅតែបន្តនាំមុខក្នុងតារាងមេដាយសរុបលើ ថៃ និង វៀតណាម។ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៨។ ចំណែក ឡាវនៅចំណាត់ថ្នាក់ចុងក្រោយ៕