ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺលើសពីការប្រកួតទៅទៀត ត្បិតអត្តពលិកទាំងអស់ដែលចូលរួមប្រកួតគ្រប់រូប មិនត្រឹមតែខិតខំអស់សមត្ថភាពដើម្បីដណ្ដើមយកមេដាយជូនជាតិរាងៗខ្លួនប៉ុណ្ណោះទេ ប៉ុន្ដែពួកគាត់ថែមទាំងបានបង្ហាញពីស្មារតីដែលលើសពីការប្រកួត ដោយសារការយោគយល់ និងការចេះជួយគ្នាទៅវិញទៅមក។
ទាំងនេះគឺជា “ភាសាបេះដូង” ដ៏មានអត្ថន័យសម្រាប់គ្នានិងគ្នា ដែលអត្តពលិកគ្រប់រូបបានបង្ហាញឱ្យពិភពលោកបានឃើញ។ រូបភាពទាំងនេះ បានរួមចំណែកនៅក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ របស់កម្ពុជា ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់។
តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ កម្ពុជាជឿជាក់ថាពិភពលោក នឹងបានស្គាល់ប្រទេសកម្ពុជាកាន់តែច្រើន។ អនុស្សាវរីយ៍ដ៏ស្រស់បំព្រង និងការចងចាំដ៏ល្អមួយ នឹងស្ថិតក្នុងក្រអៅបេះដូងរបស់អត្តពលិកក្នុង និងក្រៅប្រទេស ក៏ដូចជាភ្ញៀវអន្តរជាតិផងដែរ៕