ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ពិធីនេះនឹងប្រព្រឹត្តយ៉ាងមហោឡារិក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់់ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រតិភូកីឡាជនមានពិការភាពអាស៊ាន ភ្ញៀវជាតិ អន្តរជាតិ អត្តពលិកជនមានពិការភាព និង មហា ជនជាង៦ម៉ឺននាក់។
សូមជម្រាបថា កីឡាអាស៊ានប៉ារ៉ាហ្គេម គឺជាការប្រកួតកីឡាជនមានពិការភាពក្នុងប្រទេស ទាំង១១នៅអាស៊ីអាគ្នេយ៍។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ ត្រូវបានដាក់ឱ្យប្រកួតរួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ហើយនិងកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិក។ សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩វិញ្ញាសា។
គិតត្រឹមម៉ោង ០៤:៥៤នាទីថ្ងៃល្ងាច នាថ្ងៃទី០៩ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជាទទួលបានមេដាយសរុប ៧០គ្រឿង ឈរលេខរៀងទី៨ រួមមាន មេដាយមាស ៩, ប្រាក់ ១៨ និងសំរឹទ្ធ ៤៣គ្រឿង។ បន្ទាប់ពីបញ្ចប់ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៅឆ្នាំ២០២៣នេះ ភារកិច្ចបន្ដត្រូវបានប្រគល់ជូនប្រទេសថៃ ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ឆ្នាំ២០២៥៕
អត្ថបទ៖ វឿន សាវុធ/CNC