×

ក្រុមកីឡាករ Man City នាំយកពានរង្វាន់ UEFA Champions League ត្រឡប់មកដល់ទឹកដីអង់គ្លេសវិញ

លោក Pep Guardiola គ្រូបង្វឹក Man City រួមនឹងកូនក្រុមរបស់ខ្លួន បានធ្វើដំណើរត្រឡប់មកដល់ទីក្រុង Manchester ប្រទេសអង់គ្លេសវិញហើយ ជាមួយនឹងភាពរីករាយ គឺការនាំយកនូវពានរង្វាន់ UEFA Champions League មកជាមួយផងដែរ។

ជាការពិត គ្រូបង្វឹកជនជាតិអេស្ប៉ាញ បានបំពេញភាពជោគជ័យរបស់ខ្លួននៅក្រុម Man City ក្នុងការឈ្នះពានរង្វាន់ UEFA Champions League ដែលលោកបានតាមប្រម៉ាញ់អស់រយៈពេលជាច្រើនឆ្នាំ ជាមួយក្រុមជើងខ្លាំងនៅអង់គ្លេសនេះ។ ជ័យជម្នះ ១-០ ទៅលើក្រុម Inter Milan ក្នុងការប្រកួតនា ទីលាន Atatürk Olympic Stadium ទីក្រុង Istanbul ប្រទេសតួកគី ជាគ្រាប់បាល់ធ្វើបានដោយ Rodrigo នៅនាទី៦៨ សម្រេចក្តីស្រមៃរបស់លោក Guardiola ម្តងទៀតផងដែរ។

មកដល់ពេលនេះលោក Pep បានតាមស្មើកំណត់ត្រារបស់លោក Alex Ferguson អតីតគ្រូបង្វឹក Man UTD ដែលបានឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល រួមមាន Premier League, FA Cup និង UEFA Champions League កាលពីឆ្នាំ ១៩៩៩ ។ លោក Pep Guardiola បានឈ្នះពានរង្វាន់ទាំង ៣ នេះដូចគ្នាក្នុងមួយរដូវកាល និងជាពានរង្វាន់ទី១២ ចំពោះការដឹកនាំ Man City។

ដ្បិតការឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវ មិនមែនជាលើកដំបូងឡើយ ព្រោះបុរសវ័យ ៥២ឆ្នាំ ក៏ធ្លាប់ធ្វើបានកំណត់ត្រានេះរួចមកហើយ អំឡុងពេលដឹកនាំ Barcelona កាលឆ្នាំ ២០០៩ ដោយការឈ្នះពាន La Liga, Copa del Rey និង UEFA Champions League។

លោក Pep Guardiola បានឈ្នះពានរង្វាន់ Champions League លើកទី៣ ក្នុងអាជីពជាគ្រូបង្វឹករបស់ខ្លួន។ លោក Guardiola បានបង្ហាញមោទកភាពចំពោះសមិទ្ធផលពិសេសមួយ ដែលបានតាមស្មើកំណត់ត្រារបស់អតីតគ្រូបង្វឹកកំពូលលើពិភព លោក Alex Ferguson ប្រចាំប្រវត្តិសាស្ត្រ Premier League។

ដោយឡែក Man City គឺជាក្រុមអង់គ្លេសទី២បន្ទាប់ពី Man UTD ដែលរកបានពានរង្វាន់៣ក្នុងមួយរដូវកាល ហើយក៏ជាក្រុមទី១០ នៅតំបន់អឺរ៉ុប ដែលអាចសម្រេចជោគជ័យបែបនេះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង