×

លោក Pep Guardiola ពិចារណាមិនបន្តកុងត្រាថ្មីជាមួយ Man City

លោក Pep Guardiola កំពុងពិចារណាមិនបន្តកុងត្រាថ្មីជាមួយ Man City ដែលមានន័យថា លោកត្រៀមនឹងដើរចេញពីទឹកដី Etihad នៅឆ្នាំ ២០២៥ ជាឆ្នាំដែលកុងត្រាអស់សុពលភាព។

លោក Pep Guardiola វ័យ៥២ឆ្នាំ មិនទាន់បានធ្វើការសម្រេចចិត្តអំពីអនាគតនៅឡើយទេ ប៉ុន្តែកំពុងងាកទៅរកការបញ្ចប់ពេលវេលាដឹកនាំ Man City នៅឆ្នាំ ២០២៥ ខាងមុខ បន្ទាប់ពីចំណាយពេល៧ឆ្នាំរួមរស់ជាមួយគ្នាកន្លងមក និងបន្តការដឹកនាំ២ឆ្នាំចុងក្រោយរបស់គាត់។

អ្នកចាត់ការទូទៅជនជាតិអេស្ប៉ាញរូបនេះ ទើបតែបង្កើតប្រវត្តិសាស្ត្រសម្រាប់ Man City ដោយបានឈ្នះជើងឯកពានរង្វាន់ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយផ្តួលក្រុម Inter Milan នៅវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Ataturk Olympic ទីក្រុង İstanbul ប្រទេសតួកគី។

លោក Pep Guardiola គឺជាគ្រូបង្វឹកក្រុមបុរសដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះពានរង្វាន់ធំ ៣ផ្សេងគ្នា ក្នុងមួយរដូវកាលរហូតដល់ ២លើក។ លើកទី១ ឆ្នាំ២០០៩ ជាមួយ Barcelona និងលើកទី២ ឆ្នាំ២០២៣ ជាមួយ Man City។ លោក Pep ជាគ្រូបង្វឹកទី៤ នៅលើពិភពលោក ដែលឈ្នះពានរង្វាន់ UCL ៣ដងក្នុងអាជីពរបស់ខ្លួន។

លោក Pep អាចនឹងស្វែងរកការងារក្នុងក្រុមជម្រើសជាតិ ដ្បិតកាលពីមុនលោកធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយជម្រើសជាតិប្រេស៊ីល និងសហរដ្ឋអាមេរិក ហើយលទ្ធភាពដឹកនាំក្រុមជម្រើសជាតិ នៅតែមានសម្រាប់គ្រូបង្វឹករូបនេះ ក្នុងនោះរួមទាំងអេស្ប៉ាញផងដែរ។

គួររំលឹកថា លោក Pep Guardiola បានចាកចេញពីក្លិប Bayern Munich ដើម្បីមកដឹកនាំ Man City នៅដើមខែកក្កដា ឆ្នាំ ២០១៦ ដោយបានដឹកនាំក្រុមនេះ ៤១៣ប្រកួត ឈ្នះ ៣០០ប្រកួត ស្មើ ៥៥ប្រកួត និងចាញ់ ៥៨ប្រកួត និងបានឈ្នះពានរង្វាន់ English Premier League ៥លើក FA Cup ២លើក EFL Cup ៤លើក Community Shield ២លើក និង UEFA Champions League ១លើក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង