×

ភាគហ៊ុនក្លិប Man UTD កើនឡើងក្រោយមានការរាយការណ៍ពីការរកឃើញម្ចាស់ក្លិបថ្មី

Manchester United បានកើនឡើងភាគហ៊ុនប្រមាណជាង ២០ភាគរយនៅលើការជួញដូរទីផ្សារ បន្ទាប់ពីមានរបាយការណ៍ថាលោក Sheikh Jassim bin Hamad al-Thani នឹងទទួលបានជោគជ័យជាមួយនឹងការទិញយកក្លិបយក្សអង់គ្លេសមួយនេះ។

បើតាមកាសែតរបស់កាតា Al-Watan បានរាយការណ៍ ថាលោក Sheikh Jassim ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីប្រទេសកាតា បានប្រកាសពីការទិញយកក្លិបបិសាចក្រហមរបស់ក្របខណ្ឌ Premier League ឆាប់ៗនេះ។

កាសែត Daily Mail កាលពីសប្តាហ៍មុនក៏បានបញ្ជាក់ដែរថា លោក Sheikh Jassim បានដាក់ការដេញថ្លៃលើកទី៥ និងជាជុំផ្តាច់ព្រ័ត្រ ដោយបានស្នើច្រើនជាង ៥ពាន់លានផោន។ ដោយសារតែព័ត៌មានទាំងអស់នេះ បានធ្វើឱ្យក្លិបយក្សអង់គ្លេសមួយនេះ កើនភាគហ៊ុនដល់ទៅ២០ភាគរយ។

ជាក់ស្តែងនាឆ្នាំ ២០២៣ ភាគហ៊ុនរបស់ក្លិប Manchester United ដែលបានចុះក្នុងបញ្ជីស្ថិតនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក New York Stock Exchange មានការធ្លាក់ចុះប្រមាណ ១៤ភាគរយ មុនពេលលេចឮដំណឹងពីការដេញថ្លៃបានសម្រេចរបស់លោក Sheikh Jassim។

ចំណែកថ្ងៃផុតកំណត់នៃការដេញថ្លៃទិញក្លិបបិសាចក្រហមវិញ បានផុតកំណត់កាលពីថ្ងៃទី៩ មកម្ល៉េះ ប៉ុន្តែការប្រកាសជាផ្លូវការណាមួយនៅមិនទាន់បានធ្វើឡើងនៅឡើយ។

សូមបញ្ជាក់ថា ម្ចាស់ក្លិបដែលជាគ្រួសារត្រកូល Glazer ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការលក់ក្លិបដែលមានតម្លៃជាង ៦ ពាន់លានផោន ដែលនឹងក្លាយជាកំណត់ត្រាពិភពលោកសម្រាប់ការលក់ក្លិបកីឡាណាមួយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង