×

ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកMSCលើកដំបូងនៅកម្ពុជា បញ្ចប់ដោយជោគជ័យ

ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិលើកដំបូងបង្អស់នៅកម្ពុជា ដែលមាន ១២ក្រុមមកពីបណ្ដាប្រទេសនានានៅលើពិភពលោក បានបញ្ចប់ដោយជោគជ័យ នៅផ្សារទំនើបអ៊ីអនមានជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ដោយក្រុមជើងឯកជាមួយនឹងប្រាក់រង្វាន់ បានទៅលើក្រុម ONIC Esports មកពីប្រទេសឥណ្ឌូណេស៊ី។

ONIC Esports បានគ្រងតំណែងជើងឯកលើវិញ្ញាសា Mobile Legends: Bang Bang នៃព្រឹត្តិការណ៍ Southeast Asia Cup 2023 (MSC 2023) បន្ទាប់ពីទទួលបានជ័យជម្នះ ក្នុងលទ្ធផល ៤ ទល់នឹង ២ លើក្រុម Blacklist International មកពីប្រទេសហ្វីលីពីន ក្នុងវគ្គផ្តាច់ព្រ័ត្រ។

នេះគឺជាពានរង្វាន់ MSC ទីពីររបស់ ONIC Esports ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៧ បន្ទាប់ពីពួកគេឈ្នះកាលពីឆ្នាំ២០១៩។ ពួកគេបានចាប់ផ្ដើមយុទ្ធនាការរបស់ពួកគេជាមួយនឹងកំណត់ត្រាល្អឥតខ្ចោះក្នុងវគ្គចែកពូល ដោយបានឈានទៅដល់វគ្គចាញ់ធ្លាក់ ហើយបន្តការមិនស្គាល់ពាក្យថាចាញ់មួយហ្គេមឡើយ នៅវគ្គ ៨ក្រុមចុងក្រោយ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

កីឡាករ Nicky Fernando រហស្សនាម Kiboy របស់ ONIC ត្រូវបានជ្រើសរើសជា MVP ប្រចាំព្រឹត្តិការណ៍។ សម្រាប់ក្រុម ONIC Esports ទាំងមូល ទទួលបានប្រាក់រង្វាន់ ១៤ម៉ឺនដុល្លារអាមេរិក។ រីឯក្រុមលេខ២ Blacklist ទទួលបាន ៦ម៉ឺនដុល្លារ ក្រុមលេខ៣ ECHO ទទួលបាន ៣ម៉ឺនដុល្លារ និង ក្រុមកម្ពុជា BURN X FLASH ទទួលបាន ១៥០០០ដុល្លារ។ សម្រាប់ចំណាត់ថ្នាក់លេខ៥ដល់លេខ៨ ទទួលបាន ៩០០០ដុល្លារក្នុងមួយក្រុម និងចំណាត់ថ្នាក់លេខ៩ដល់១២ ទទួលបាន ៤០០០ដុល្លារ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង