Donut មានឈ្មោះពិតថា Marius Tan កើតនៅហ្វីលីពីន ជាកីឡាករអាជីពក្នុងកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ។ ក្រៅពីរួមចំណែកជួយឱ្យក្រុម BURN X Flash ឈ្នះជើងឯកពានរង្វាន់ MPL KH ជាលើកទីពីររបស់ពួកគេ, Donut បានធ្វើឱ្យក្រុមកម្ពុជាអាចទទួលបានចំណាត់ថ្នាក់កំពូលទាំង៤ ក្នុងព្រឹត្តិការណ៍អន្តរជាតិ Southeast Asia Cup 2023 (MSC 2023) ដែលទើបតែបញ្ចប់កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានបរទេសមួយ កីឡាករវ័យ ២០ ឆ្នាំរូបនេះ បានរៀបរាប់ពីការលំបាកក្នុង MPL PH រហូតក្លាយជាតារាឆ្នើមក្នុង MPL KH ។ ឆ្នាំមុន Donut លេងឱ្យក្រុម Nexplay EVOS នៅប្រទេសហ្វីលីពីន ប៉ុន្តែក្រុមនេះធ្លាក់នៅវគ្គជម្រុះដំបូងក្នុងរដូវកាលទី៩ ហើយមិនអាចបង្ហាញខ្លួននៅរដូវកាលទី១០បានឡើយ។
គ្រូបង្វឹក BURN X Flash លោក Mitch Sato (zMitch) ក៏បានផ្ដល់ឱកាសសម្រាប់ Donut ឱ្យសាកល្បងលេងឱ្យក្រុមរបស់គាត់ ធ្វើឱ្យរូបគេទទួលបានបទពិសោធថ្មីក្នុងការលេងឱ្យក្រុមបរទេស។ ដំបូង គេមានការថ្លឹងថ្លែងដោយសារកត្តាវប្បធម៌ អាហារ ភាសា និងកត្តាផ្សេងៗមួយចំនួនទៀត ប៉ុន្តែដោយមានការលើកទឹកចិត្តពីឪពុកម្តាយ, Donut បានសម្រេចចិត្តចូលរួមជាមួយក្រុមកម្ពុជាទាន់សម្រាប់ MPL KH Spring Split 2023។
សំណាងល្អ ពួកគេអាចនិយាយគ្នាដោយប្រើប្រាស់ភាសាអង់គ្លេស។ ការលេងចាប់ផ្ដើមស៊ីចង្វាក់គ្នា ដែលធ្វើឱ្យពួកគេឈានជើងចូលដល់វគ្គ Playoff ហើយទីបំផុតបានឈ្នះជើងឯក ដោយទទួលបានកៅអីមួយនៅក្នុងព្រឹត្តិការណ៍ MSC 2023។
បន្ទាប់ពីជោគជ័យនៅក្នុង MPL KH កីឡាករវ័យ ២០ ឆ្នាំរូបនេះ បានទទួលថតស្ពតសម្រាប់ក្រុមហ៊ុនក្នុងស្រុកថែមទៀតផង។ វិសាលភាពនៃកិត្តិនាមរបស់ Donut កាន់តែរីកសុះសាយ ក្នុងអំឡុងព្រឹត្តិការណ៍ MSC 2023 ដោយអ្នកគាំទ្រក្រុមម្ចាស់ផ្ទះកម្ពុជាយ៉ាងច្រើនបានគាំទ្រ BURN X Flash ។
ទោះកេរ្តិ៍ឈ្មោះល្បីល្បាញ និងជោគជ័យក្នុងប្រទេសកម្ពុជាក៏ពិតមែន Donut មិនភ្លេចប្រទេសកំណើតរបស់គេ គ្រួសារ និងមិត្តភក្តិរបស់គេនៅឯប្រទេសហ្វីលីពីនឡើយ។ លើសពីនេះទៀត Donut បានបង្ហើបពីបំណងដើម្បីជួបជុំជាមួយអតីតមិត្តរួមក្រុមរបស់គេនៅក្នុងក្រុម Nexplay EVOS គឺលោក John Paul Salonga (H2wo)៕
រូបភាព៖ Moonton