×

Man City ទិញបានខ្សែបម្រើ Mateo Kovacic ពី Chelsea

Mateo Kovacic នឹងចូលរួមជាមួយ Manchester City បន្ទាប់ពីពួកគេបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Chelsea ដែលមានតម្លៃរហូតដល់ទៅ ៣០ លានផោន។

ខ្សែបម្រើសញ្ជាតិក្រូអាតវ័យ ២៩ ឆ្នាំគ្រោងនឹងចូលរួមជាមួយក្រុមជើងឯកនៃក្របខណ្ឌ Premier League ក្នុងតម្លៃដំបូង ២៥ លានផោន ជាមួយនឹងប្រាក់បន្ថែមចំនួន ៥ លានផោន។

Chelsea កំពុងបន្តលក់កីឡាកររបស់ខ្លួន ខណៈពួកគេកាត់បន្ថយថ្លៃចំណាយក្នុងក្រុម សម្រាប់អ្នកចាត់ការថ្មី Mauricio Pochettino ។ ជាក់ស្ដែង ខ្សែបម្រើ N’Golo Kante បានយល់ព្រមទៅចូលរួមជាមួយក្រុម Al-Ittihad ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

Kovacic បានចូលរួមជាមួយ Chelsea ពីក្លិប Real Madrid កាលពីឆ្នាំ២០១៩ ដោយលក្ខខណ្ឌខ្ចីជើងមុនពេលចុះកិច្ចសន្យាអចិន្ត្រៃយ៍រយៈពេល ៥ ឆ្នាំ។ កាលចូលរួមរបស់ Kovacic គឺបន្ទាប់ពី Ilkay Gundogan ចូលរួមជាមួយក្លិប Barcelona នៅពេលដែលកិច្ចសន្យារបស់គាត់ផុតសុពលភាពនៅចុងខែមិថុនានេះ។

Kovacic បានបង្ហាញខ្លួនចំនួន ៣៧ ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់សម្រាប់ Chelsea កាលពីរដូវកាលមុន ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១២ ក្នុងក្របខណ្ឌ Premier League ។ ប៉ុន្តែគេក៏ជាផ្នែកមួយនៃក្រុម Chelsea ដែលបានឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ២០២១ ក្នុងការឈ្នះ Man City នៅវគ្គផ្ដាច់ព្រ័ត្រ។

ក្នុងកម្រិតអន្តរជាតិ Kovacic បានបង្ហាញខ្លួន ៩៥ លើកសម្រាប់ក្រុមជម្រើសជាតិក្រូអាត ខណៈក្រូអាត បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅព្រឹត្តិការណ៍ FIFA World Cup 2022 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង