ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរវាងបេក្ខជនជាច្រើនកាលពីថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២៣ កីឡាករចំនួន ២ រូបបានក្លាយជាជើងឯកលើវិញ្ញាសា eFootball-Console និង eFootball-Mobile និងទទួលបានតំណែងជាកីឡាករជម្រើសជាតិកម្ពុជា ប្រកួតនៅក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ Ifel South East Asia 2023 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
កីឡាករ ម៉ូត លី (Mot Ly) បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងប្រភេទវិញ្ញាសា eFootball-Console បន្ទាប់ពីយកឈ្នះទៅលើកីឡាករ រ៉ា សុភក្រ្ត (Ra Sopheak) នៅវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ២ ទល់នឹង ១ ។ ម៉ូត លី គឺជាកីឡាករតំណាងឱ្យកម្ពុជា ទៅចូលរួមប្រកួតនៅទីក្រុងហ្សាកាតា ដែលនឹងមានការចូលរួមពីកីឡាករជើងខ្លាំងតំណាងឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន ៨ ផងដែរ។
លើវិញ្ញាសា eFootball-Mobile កីឡាករ ពៅ សេងហួរ (Peou Soenghour) ទទួលបានចំណាត់ថ្នាក់លេខ១ ដើម្បីតំណាងឱ្យកម្ពុជា ចូលរួមប្រកួតនៅប្រទេសឥណ្ឌូណេស៊ី ដែលមានកីឡាករក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមផងដែរ។ កីឡាកររូបនេះ បានយកឈ្នះទៅលើកីឡាករ សេង ទ្រី (Seng Tri) នៅវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ២ទល់នឹង០។
ការប្រកួតជើងឯកថ្នាក់ជាតិនេះ ត្រូវបានគាំទ្រដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដើម្បីជ្រើសរើសកីឡាករតំណាងជាតិចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ Ifel South East Asia 2023 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី៕