×

ទឹកប្រាក់រាជរដ្ឋាភិបាលជាង៦លានដុល្លារអាមេរិក បានប្រគល់ជូនដល់ម្ចាស់ជ័យលាភី២ព្រឹត្តិការណ៍ ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ទឹកប្រាក់រាជរដ្ឋាភិបាលកម្ពុជា ចំនួន២៧៣លាន៣៦សែនរៀល ត្រូវបានប្រគល់ជូនដល់ម្ចាស់ជ័យលាភី កីឡាករ កីឡាការិនី គ្រូបង្វឹក គ្រូជំនួយហើយ នាព្រឹកថ្ងៃទី២៧មិថុនាឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាSea games – Asean para games និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃ CAMSOC – CAMAPGOC បានឱ្យដឹងថា៖ ” ចំពោះប្រាក់រង្វាន់ដែលត្រូវប្រគល់ជូនដល់ជ័យលាភីនាពេលនេះ ម្ចាស់មេដាយមាសក្នុង១គ្រឿង ទទួលបានចំនួន ៤០លានរៀល , ប្រាក់ទទួលបាន៣០លានរៀល និង សំរឹទ្ធទទួលបាន ១៦លានរៀល”។
រីឯគ្រូបង្វឹកគ្រូបង្គោលទទួលបានដូចកីឡាករមេដាយខ្ពស់បំផុត និង គ្រូបង្វឹកជំនួយបាន៧០ភាគរយនៃគ្រូបង្វឹកបង្គោល។ ដោយឡែកសម្រាប់កីឡាជាក្រុម Team Sport ចូលរួមប្រកួតស៊ីហ្គេម ដូចជាកីឡា បាល់ទាត់ បាល់ទះ បាល់បោះ បើដណ្តើមបានចំណាត់ថ្នាក់លេខ៤ ត្រូវបានប្រគល់អន្តរក្រសួងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងម្នាក់ៗទទួលបានរង្វាន់លើកទឹកចិត្ត១សែនរៀល រួមទាំងគ្រូបង្គោល និងគ្រូជំនួយ បាន៧០ភាគរយ នៃ ១សែនរៀលនេះ។

ប្រាក់រង្វាន់ដែលត្រូវប្រគល់ជូនដល់ម្ចាស់ជ័យលាភី កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមនាពេលនេះមានចំនួនសរុប ២៧,៣០៣,៦០០,០០០រៀល(២ម៉ឺន៧៣០៣លាន៦សែនរៀល) ប្រមាណ ៦,៦៥៩,៤១៤ដុល្លារអាមេរិក។ ក្នុងនោះជ័យលាភីស៊ីហ្គេមមានកីឡាករ កីឡាការិនី សរុបចំនួន ៥៩៨នាក់ ក្នុងនោះគ្រូបង្វឹក កីឡាករ ជ័យលាភីកូនខ្មែរក្រៅប្រទេសចំនួន៨៦នាក់ មានទឹកប្រាក់ចំនួន ៣,៩៣៥,០០០,០០០រៀល(៣៩៣៥លានរៀល) បានបើកមុនពេលចាកចេញពីកម្ពុជារួចហើយ។ ដូចនេះនៅសល់ជ័យលាភីចំនួន៥១២នាក់ ត្រូវផ្តល់ប្រាក់រង្វាន់ចំនួន ១៩,១២៧,២០០,០០០រៀល (១ម៉ឺន៩ពាន់១២៧រយលាន២សែនរៀល)។
រីឯជ័យលាភីជនពិការ ASEAN PARA GAMES លើកទី១២ មានជ័យលាភីមេដាយមាស ប្រាក់ សំរឹទ្ធិ ចំនួន ៤,២៤១,៤០០,០០០រៀល (៤២៤១រយលាន៤ម៉ឺនរៀល )។

នាឱកាសនោះ សម្តេចពិជ័យបានមានប្រសាសន៍ថ្លែងនូវការកោតសរសើរចំពោះគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលធ្វើឱ្យកម្ពុជាទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ពីការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ និង អរគុណដល់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រមុខដឹកនាំ បានធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងមានភាពរីកចម្រើនគ្រប់វិស័យ និងពិសេស មានការយកចិត្តទុកដាក់ចំពោះ វិស័យកីឡា ព្រមទាំងបានប្រគល់ប្រាក់រង្វាន់ ដល់ម្ចាស់ជ័យលាភី នាពេលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង