Arsenal បានធ្វើការដេញថ្លៃជាលើកទី៣ សម្រាប់ Declan Rice របស់ក្រុម West Ham ដែលមានតម្លៃ ១០៥ លានផោន ដែលជាសំណើបំបែកកំណត់ត្រារបស់ Arsenal តម្លៃ ៧២លានផោនបានចំណាយ Nicolas Pepe របស់ក្លិប Lille ក្នុងឆ្នាំ២០១៩។
Rice គឺជាគោលដៅចម្បងរបស់ Arsenal នៅក្នុងទីផ្សារដោះដូរកីឡាករនេះ ហើយសាមីកីឡាករបង្ហាញពីបំណងចង់ចូលរួមជាមួយក្រុមកាំភ្លើងធំ។
សារព័ត៌មាន Sky Sports បានរាយការណ៍កាលពីយប់ថ្ងៃចន្ទថា Manchester City បានផ្តល់ប្រាក់ចំនួន ៨០ លានផោន បូករួមប្រាក់បន្ថែម ១០ លានផោនសម្រាប់ខ្សែបម្រើជម្រើសជាតិអង់គ្លេស ប៉ុន្តែសំណើនេះត្រូវបានបដិសេធ។.
West Ham យល់ថា Rice មានតម្លៃ ១២០ លានផោន។ លោក David Sullivan ដែលជាប្រធានក្លិបបាននិយាយថា Rice អាចចាកចេញ ទោះបីជាកុងត្រារបស់គាត់នៅសល់មួយឆ្នាំក៏ដោយ។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានចូលរួមជាមួយសាលាបាល់ទាត់របស់ West Ham និងមានវត្តមានតាំងពីរដូវកាល ២០១៧-១៨ ។ រូបគេបានកាន់តំណែងជាប្រធានក្រុម បន្ទាប់ពីការចូលនិវត្តន៍របស់កីឡាករ Mark Noble កាលពីឆ្នាំមុន។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះលេងបាន ៥០ ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់នៅរដូវកាលមុន ខណៈក្រុម West Ham បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៤ ក្នុងក្របខណ្ឌ Premier League មុននឹងឈានទៅការឈ្នះពានរង្វាន់នៃក្របខណ្ឌ Europa Conference League នៅទីក្រុង Prague ។
Rice បានលេងច្រើនជាង ២០០ ប្រកួតសម្រាប់ក្រុម West Ham និងលេងបាន ៤១ ប្រកួតសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ចាប់តាំងពីការបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងក្នុងឆ្នាំ២០១៩៕