ក្លិប Tottenham Hotspur បានចុះហត្ថលេខាលើខ្សែបម្រើ James Maddison ពីក្លិប Leicester City ដែលត្រូវបានកាត់ចោលទៅលីគទី២ លើកិច្ចសន្យារយៈពេលប្រាំឆ្នាំ។ នេះបើយោងតាមការប្រកាសអោយដឹងពីក្លិបនាក្របខណ្ឌ Premier League កាលពីពេលថ្មីៗនេះ។
Spurs បានចំណាយ ៤០ លានផោន សម្រាប់កីឡាករវ័យ ២៦ ឆ្នាំដែលបានស៊ុតបញ្ចូលទី ៥៥ គ្រាប់និងចែកបាល់សម្រេចទី៤១ដងពីការបង្ហាញខ្លួន២០៣ដងក្នុងការប្រកួតទាំងអស់ក្នុងអំឡុងពេល ៥ រដូវកាលជាមួយ Leicester City ។ James Maddison ក៏បានរួមចំណែកជួយ Leicester City ទទួលបានជ័យជំនះពានរង្វាន់ FA Cup ក្នុងឆ្នាំ ២០២១ ផងដែរ។
កីឡាករអន្តរជាតិអង់គ្លេសគឺជាកីឡាករមួយរូបក្នុងចំណោម៧រូប ដែលចាកចេញពី Leicester City នៅក្នុងខែមិថុនានេះ ហើយរូបគេគឺជាកីឡាករទីបីដែលចូលរួមជាមួយ Spurs ចាប់តាំងពីការតែងតាំងលោក Ange Postecoglou ជាគ្រូបង្វឹក។
មុនចូលរួមជាមួយ Tottenham Hotspur នេះដែរ James Maddison បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពី ក្លិប Newcastle United ប៉ុន្តែចុងក្រោយ ក្លិបសារិកាព្រៃបានប្តូរគោលដៅទៅខ្សែបម្រើ Sandro Tonali របស់ AC Milan ទៅវិញ៕