ក្លិបបាល់ទាត់ Al-Nassr នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ដែលបច្ចុប្បន្នមានកំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo កំពុងប្រកបអាជីពនៅទីនោះ បានប្រកាសថា ក្រុមហ៊ុនផលិតសម្ភារកីឡា Nike របស់អាមេរិក នឹងក្លាយជាដៃគូសហការថ្មីរបស់ពួកគេ។
ឥទ្ធិពលរបស់ Cristiano Ronaldo វ័យ៣៨ឆ្នាំ ដែលមានកិច្ចសន្យារយៈពេល១០ឆ្នាំ នៅក្នុងតម្លៃប្រមាណ ១៨៦លានដុល្លារអាមេរិកជាមួយនឹងក្រុមហ៊ុន Nike នោះ បានដើរតួយ៉ាងសំខាន់ក្នុងការបើកផ្លូវសម្រាប់ក្រុមហ៊ុនផលិតសម្ភារកីឡាដ៏ធំរបស់សហរដ្ឋអាមេរិក សម្រេចកិច្ចព្រមព្រៀងជាមួយនឹងក្លិប Al-Nassr ជំនួសដៃគូសហការចាស់ គឺក្រុមហ៊ុន Duneus ។
នៅក្នុងការបង្ហោះរបស់ក្លិប Al-Nassr នៅបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេ បានបញ្ជាក់ថា ក្លិបយល់ព្រមជាផ្លូវការជាមួយក្រុមហ៊ុន Nike នៅក្នុងការផ្គត់ផ្គង់ឯកសណ្ឋានសម្រាប់រដូវកាលក្រោយ។
ដោយឡែក មិនមានការបង្ហាញណាមួយអំពីរយៈពេល និងតម្លៃនៃកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែកិច្ចព្រមព្រៀងលម្អិត នឹងមានសុពលភាពចាប់ពីថ្ងៃឯកសណ្ឋានថ្មី ត្រូវបានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងដំណើរទេសចរណ៍បាល់ទាត់របស់ក្លិប ទៅកាន់ប្រទេសជប៉ុន នាចុងខែកក្កដានេះ៕