Ashley Young បានយល់ព្រមចូលរួមជាមួយក្រុម Everton ដោយគ្មានតម្លៃផ្ទេរ ហើយគ្រោងនឹងពិនិត្យសុខភាពនៅថ្ងៃអង្គារ បន្ទាប់ពីចាកចេញពីក្រុម Aston Villa ។
កិច្ចសន្យារបស់ Young នៅកីឡដ្ឋាន Villa Park បានផុតសុពលភាព ស្របពេលដែល Young បានពិភាក្សាជាមួយក្រុម Luton Town និងមានការចាប់អារម្មណ៍ពីក្លិបនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតផងដែរ។
កីឡាករវ័យ ៣៨ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ Premier League និង FA Cup ជាមួយ Manchester United ក៏ដូចជាពានរង្វាន់ Serie A ជាមួយ Inter Milan ។ រូបគេនឹងក្លាយជាកីឡាករដំបូងរបស់ Everton ក្រោមការដឹកនាំរបស់អ្នកចាត់ការ Sean Dyche ។ អតីតគ្រូបង្វឹកក្រុម Burnley បានចូលកាន់តំណែងកាលពីខែមករា ដោយជំនួសតំណែងលោក Frank Lampard និងបានជួយឱ្យពួកគេបន្តនៅក្របខណ្ឌ Premier League សម្រាប់រដូវកាលក្រោយ។
Young ខ្សែការពាររូបនេះ ធ្លាប់បង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ៣៩ដង ដោយលេងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨ ដែលពួកគេបានចាញ់ក្រូអាត។
Young បានលេងជាង ៧០០ ដងក្នុងអាជីពសម្រាប់ក្លិប និងប្រទេស រួមទាំងការបង្ហាញខ្លួន ៣២ ដងសម្រាប់ Aston Villa កាលពីរដូវកាលមុន។
ក្រុម Everton បានធ្វើដំណើរទៅប្រទេសស្វីស សម្រាប់ការបោះជំរុំហ្វឹកហាត់រយៈពេល ៥ ថ្ងៃនៅតំបន់ភ្នំ Alps ជាកន្លែងដែលពួកគេនឹងប្រកួតជាមួយក្រុម Stade Nyonnais ៕