×

អ្នកចាំទី David de Gea បង្ហាញពីអារម្មណ៍សោកសៅក្រោយប្រកាសចាកចេញពី Man UTD

អ្នកចាំទី David de Gea បង្ហាញពីអារម្មណ៍សោកសៅរបស់ខ្លួន ក្រោយពីបានប្រកាសចាកចេញពី Manchester United ។

David de Gea បានប្រកាសចាកចេញពីក្លិបបិសាចក្រហម បន្ទាប់ពីរួមរស់នៅទីនេះអស់រយៈពេល ១២ឆ្នាំ ក្នុងនាមជាអ្នកចាំទីដៃទីមួយដ៏អស្ចារ្យ។ កីឡាករជនជាតិអេស្ប៉ាញកាលពីរដូវកាលមុន បានបំបែកកំណត់ត្រារបស់អតីតអ្នកចាំទី Peter Schmeichel ដែលជាអ្នកចាំទីប្រចាំប្រវត្តិសាស្ត្រក្រុមដែលរក្សាសំណាញ់ទីមិនឱ្យគេស៊ុតចូលច្រើនជាងគេ និងជាកីឡាករដែលទទួលបានការពេញចិត្ត ពីសំណាក់អ្នកគាំទ្រច្រើនជាងគេ ៤ រដូវកាលជាប់គ្នា។

យ៉ាងណា David de Gea វ័យ៣២ឆ្នាំ មានភាពរអាក់រអួលមួយចំនួននៅក្នុងការប្រកួតរដូវកាលមុន ហើយរូបគេ ទទួលបានការរិះគន់ និងពិបាកសម្របខ្លួនទៅនឹងទម្រង់លេងនៅក្រោមការដឹកនាំរបស់ លោក Erik ten Hag។
ក្រោយពីការប្រកាសចាកចេញរបស់ខ្លួនរួចមក De Gea បានអរគុណដល់អ្នកគាំទ្រ Man UTD ប៉ុន្តែរូបគេបាននិយាយថា ជាពេលវេលាដ៏ត្រឹមត្រូវក្នុងការទទួលការប្រកួតប្រជែងថ្មី។

De Gea បានបង្ហាញពីអារម្មណ៍សោកសៅរបស់ខ្លួនបែបនេះថា៖ “វាជាពេលវេលាដ៏ត្រឹមត្រូវក្នុងការទទួលយកការប្រកួតប្រជែងថ្មី ។ Man UTD នឹងតែងតែស្ថិតនៅក្នុងបេះដូងរបស់ជានិច្ច។”

De Gea ផុតកិច្ចសន្យាជាមួយក្រុមកាលពីខែមិថុនា ដោយមានការរាយការណ៍ថា កីឡាករបានយល់ព្រមលើការបន្តកិច្ចសន្យា ប៉ុន្តែក្លិបបានដកសំណើវិញ ហើយប្តូរជាមួយនឹងការកាត់បន្ថយលក្ខខណ្ឌ។ រូបគេបានបង្ហាញខ្លួនលេងចំនួន ៥៤៥ប្រកួត ដោយបានរក្សាមិនឱ្យគេស៊ុតចូលទីចំនួន ១៩០លើក បន្ទាប់ពីផ្ទេរមកចូលរួមក្រុមដោយលោក Alex Ferguson តាំងពីឆ្នាំ ២០១១។

ការចាកចេញរបស់ក្រុម Man United ពីសំណាក់ De Gea នោះ នឹងគ្មានកីឡាករណាម្នាក់ឡើយ នៅក្នុងទឹកដី Old Trafford ដែលឈ្នះពានរង្វាន់ Premier League លើកចុងក្រោយបំផុត នៅក្នុងរដូវកាលចុងក្រោយ របស់លោក Alex Ferguson ក្នុងរដូវកាល ២០១២-១៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង