លោក ម៉ូត លី និងលោក ពៅ សឹងហួរ នឹងប្រកួតតំណាងឱ្យកម្ពុជា នៅក្នុងព្រឹត្តិការណ៍ជើងឯកកីឡាអេឡិចត្រូនិកតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (IfeL South East Asia Championship 2023) លើវិញ្ញាសា eFootball ប្រភេទលេងលើ Console និង Mobile នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដោយក្រុមជម្រើសជាតិកម្ពុជា មានលោក ម៉ូត លី ប្រកួតលើវិញ្ញាសា eFootball-Console ដែលមានកីឡាករមកពី ៨ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមប្រកួតផងដែរ។ ចំណែកលោក ពៅ សឹងហួរ នឹងប្រកួតលើវិញ្ញាសា eFootball-Mobile។
សូមជម្រាបថា អ្នកទាំងពីរសុទ្ធតែបានឆ្លងកាត់ការប្រកួតជម្រុះថ្នាក់ជាតិ កាលពីពេលថ្មីៗកន្លងទៅ ដែលមានបេក្ខជនដាក់ពាក្យចូលរួមប្រកួតជាច្រើន។ ការប្រកួតជើងឯកថ្នាក់ជាតិនេះ ត្រូវបានគាំទ្រដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដើម្បីជ្រើសរើសកីឡាករតំណាងជាតិចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ Ifel South East Asia 2023 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី៕