×

Inter Milan ពិភាក្សាជាមួយ Chelsea លើការផ្ទេរ Lukaku ជាអចិន្ត្រៃយ៍

Inter Milan មានបំណងក្នុងការនាំយកខ្សែប្រយុទ្ធ Romelu Lukaku របស់ Chelsea មកកាន់ក្របខណ្ឌ Serie A វិញនៅក្នុងទីផ្សារដោះដូរកីឡាកនេះ។

Lukaku វ័យ ៣០ ឆ្នាំ បានចូលរួមជាមួយ Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea កាលពីរដូវកាលមុន។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានស៊ុតបញ្ចូលទីបាន ១៤ គ្រាប់ក្នុងការជួយ Inter បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខណ្ឌ Serie A និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ។

បើការពិភាក្សារវាង Inter Milan ជាមួយ Manchester United លើការផ្ទេរអ្នកចាំទី Andre Onana ទទួលបានជោគជ័យ លទ្ធភាពនៃការផ្ទេរលើ Lukaku ត្រឡប់ទៅកីឡដ្ឋាន San Siro វិញនឹងអាចទៅរួច។ Chelsea ត្រូវបានរាយការណ៍ថា ចង់បាន ៤០លានផោនសម្រាប់ Lukaku ខណៈ Inter បានដាក់តម្លៃ ៥០លានផោន សម្រាប់ Onana ។

ជាមួយនឹងការចាកចេញរបស់ David de Gea លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ Man Utd មានបំណងចង់ចុះហត្ថលេខាជាមួយអ្នកចាំទីសញ្ជាតិកាមេរូន មុនពេលពួកគេធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក សម្រាប់ការប្រកួតកម្ដៅសាច់ដុំ។ Chelsea ក៏នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយផងដែរ។

Inter Milan បានចុះហត្ថលេខាលើ Lukaku ពី Manchester United កាលពីឆ្នាំ២០១៩ ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប ៨០ លានអឺរ៉ូ លើកិច្ចសន្យារយៈពេល ៥ ឆ្នាំ។ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ៦៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៩៥ ដងក្នុងរយៈពេល២រដូវកាល Chelsea បានទិញ Lukaku មកវិញ ក្នុងតម្លៃ ៩៧,៥ លានផោនក្នុងខែសីហា ឆ្នាំ២០២១។

ការវិលត្រឡប់របស់ Lukaku បានចាប់ផ្តើមត្រឹមតែ ១៦ ប្រកួតប៉ុណ្ណោះនៅក្របខណ្ឌ Premier League សម្រាប់ក្រុមតោខៀវក្នុងរដូវកាល២០២១-២២ ក្រោមការដឹកនាំរបស់លោក Thomas Tuchel ហើយបានត្រលប់ទៅ Inter ក្នុងលក្ខខណ្ឌខ្ចីជើង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង