ក្លិប Tottenham Hotspur ត្រៀមផ្តល់ជូនខ្សែប្រយុទ្ធ Harry Kane នូវប្រាក់ឈ្នួលកំណត់ត្រាក្លិបតម្លៃ ៤០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ដើម្បីបញ្ចុះបញ្ចូលឱ្យរូបគេបន្តកិច្ចសន្យាជាមួយក្រុមបន្តទៀត។ នេះយោងតាមការផ្សព្វផ្សាយពីសារព័ត៌មាន Telegraph។
ទោះបីជាមានការរំពឹងទុកជាបន្តបន្ទាប់អំពីអនាគតរបស់កីឡាករអង់គ្លេស វ័យ២៩ឆ្នាំ ដោយទទួលបានការចាប់អារម្មណ៍ពីក្លិបអាល្លឺម៉ង់ Bayern Munich ក៏ដោយ តែ Harry Kane បានបង្ហាញពីការបើកចំហរក្នុងការលេងនៅក្រៅពីប្រទេសអង់គ្លេស ខណៈរូបគេបន្តបំបែកកំណត់ត្រាគ្រាប់បាល់នៅក្នុងក្របខណ្ឌ Premier League ។
យ៉ាងណាក៏ដោយ ប្រធានក្លិប Tottenham Hotspur លោក Daniel Levy សង្ឃឹមថាកិច្ចសន្យាថ្មី នឹងអាចបញ្ចុះបញ្ចូលកីឡាករឆ្នើមរបស់ខ្លួន Harry Kane ឱ្យបន្តស្នាក់នៅក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បន្តទៀត។
សម្រាប់គ្រូបង្វឹកថ្មីរបស់ Spurs លោក Ange Postecoglou អាទិភាពចម្បងសម្រាប់ពេលនេះគឺការបញ្ចុះបញ្ចូលប្រធានក្រុមអង់គ្លេសរូបគេឱ្យមើលឃើញថា Tottenham Hotspur គឺជាកន្លែងដ៏ល្អបំផុតសម្រាប់គាត់ក្នុងការសម្រេចបានភាពជោគជ័យ និងឈ្នះពានរង្វាន់ជាច្រើន ស្របពេលដែលគ្រូបង្វឹកវ័យ៥៧ឆ្នាំ ក៏មានគោលបំណងដឹកនាំក្លិបឱ្យវិលត្រលប់ទៅកាន់ការប្រកួត UEFA Champions League វិញផងដែរ៕