អ្នកចាត់ការទូទៅ Erik ten Hag របស់ក្រុម Manchester United បាននិយាយថា Mason Mount នឹងផ្ដល់ភាពប្រសើរដល់តំបន់បម្រើរបស់ក្រុមរបស់គាត់ នៅរដូវកាលថ្មីខាងមុខនេះ។
ខ្សែបម្រើវ័យ ២៤ ឆ្នាំ បានបង្ហាញការលេងដ៏ល្អនៅក្នុង ៤៥នាទីដំបូង សម្រាប់ក្លិប ខណៈដែលក្រុម Man Utd ទទួលបានជ័យជម្នះ ២–០ លើក្រុម Leeds United ក្នុងទីក្រុង Oslo កាលពីយប់មិញ។
Mount ដែលបានចុះហត្ថលេខាពី Chelsea ក្នុងតម្លៃ ៥៥ លានផោន បានលេងក្នុងវគ្គទីមួយមុនពេលមានការផ្លាស់ប្តូរចេញ ដើម្បីជំនួសវិញដោយកីឡាករ១១នាក់ថ្មីក្នុងវគ្គទីពីរ សម្រាប់ការប្រកួតនេះ។
Ten Hag បាននិយាយថា៖ “គេ (Mount) នឹងនាំមកនូវភាពបត់បែននៅក្នុងការប្រកួតរបស់យើង ហើយនោះគឺជាការសន្និដ្ឋានរបស់យើង កាលពីរដូវកាលមុន“។
“ចក្ខុវិស័យរបស់គេ គឺលេងការវាយលុក។ ប៉ុន្តែគេក៏ចង់មានមុខងារច្រើនដែរ គាត់ចង់លេងឱ្យអស់ពីសមត្ថភាព។ នៅពេលដែលអ្នកលេងនៅតំបន់កណ្តាល អ្នកត្រូវតែវាយលុក ប៉ុន្តែអ្នកក៏ត្រូវការពារដែរ។ យើងត្រូវតែមានភាពស្វាហាប់បន្ថែមទៀតនៅក្នុងផ្នែកកណ្តាល។
អ្នកចាត់ការរូបនេះបន្តថា៖ “ខ្ញុំប្រាកដថាគាត់នឹងរួមចំណែកដល់ភាពជោគជ័យរបស់ United ពីព្រោះគាត់ជាកីឡាករដែលមានគុណភាព“។
ការប្រកួតមុនបើករដូវកាលរបស់ Manchester United បន្តជាមួយនឹងការប្រកួតជាមួយ Lyon ក្នុងទីក្រុង Edinburgh នៅថ្ងៃពុធ មុនពេលពួកគេធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក សម្រាប់ការប្រកួតជាមួយក្រុម Arsenal, Wrexham, Real Madrid និង Borussia Dortmund ៕