×

កម្ពុជាបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្រោយការប្រកួតមានបញ្ហាបច្ចេកទេសនៅព្រឹត្តិការណ៍IESF

ក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់ភារកិច្ចរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ IESF Gamers8 Asian Championship 2023 លើវិញ្ញាសា Mobile Legends: Bang Bang នាទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយទទួលបានចំណាត់ថ្នាក់លេខ៣ ស្របពេលដែលការប្រកួតចុងក្រោយរបស់ក្រុមអ្នកចម្បាំងអង្គរ បានជួបបញ្ហាបច្ចេកទេសមួយដែលធ្វើឱ្យមានការប្រកួតឡើងវិញ កាលពីយប់មិញ។

ក្នុងព្រឹត្តិការណ៍ដែលជាការប្រកួតវគ្គជម្រុះក្នុងទ្វីបអាស៊ីដែលកម្ពុជាបានកក់កៅអីរបស់ខ្លួនរួចជាស្រេចនៅក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក ក្រុមអ្នកចម្បាំងអង្គរ ក្នុងនាមជាក្រុមតំណាងឱ្យប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ បានប្រកួតជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី នៅវគ្គ Lower Bracket Final ហើយកម្ពុជាបានបើកការនាំមុខមុន១ហ្គេម មុនពេលដែលម៉ុងហ្គោលី បានធ្វើការតាមស្មើមកវិញ។ សម្រាប់ការប្រកួតហ្គេមទី៣ ដែលជាហ្គេមកាត់សេចក្ដីឈ្នះចាញ់ ស្រាប់តែមានបញ្ហាបច្ចេកទេសមួយកើតឡើង ដែលធ្វើឱ្យការប្រកួតត្រូវបានផ្អាក២៣ដង ខណៈកម្ពុជាកំពុងមានប្រៀបទៅលើម៉ុងហ្គោលី។ ទោះជាយ៉ាងណា ហ្គេមចុងក្រោយ រកឃើញជ័យជម្នះបានទៅលើម៉ុងហ្គោលី។

ប៉ុន្តែ យោងតាមសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដោយមានការតវ៉ាពីមន្ត្រីសហព័ន្ធដែលនៅទីនោះផ្ទាល់ អ្នករៀបចំក៏បានយល់ព្រមឱ្យមានការប្រកួតឡើងវិញ។ ជ័យជម្នះក៏នៅតែបានទៅលើក្រុមម៉ុងហ្គោលី។ លទ្ធផលចុងក្រោយគឺ ២ទល់១។ ដូច្នេះ កម្ពុជា មិនអាចឈានទៅវគ្គផ្ដាច់ព្រ័ត្របានឡើយ។ ចំណែក ម៉ុងហ្គោលី បានបន្តឡើងទៅវគ្គបន្ទាប់ ប៉ុន្តែបានចាញ់ក្រុមជម្រើសជាតិហ្វីលីពីន នៅវគ្គផ្ដាច់ព្រ័ត្រ។

ទោះជាយ៉ាងណា កម្ពុជានឹងចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក 15th World Esports Championship IASI 2023 នៅប្រទេសរ៉ូម៉ានី ក្នុងនាមជាក្រុមមួយតំណាងឱ្យទ្វីបអាស៊ី នៅខែក្រោយ៕


  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង