លោក Mikel Arteta អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal បាននិយាយថា គាត់នឹងរង់ចាំមើលការសម្របខ្លួនរបស់ Kai Havertz ដែលបានផ្ទេរពី Chelsea ក្នុងតម្លៃ ៦៥ លានផោន នៅក្នុងទីផ្សារដោះដូរកីឡាករមុនបើករដូវកាលថ្មីនេះ។
ខ្សែប្រយុទ្ធអាល្លឺម៉ង់រូបនេះ បានបង្ហាញខ្លួនជាលើកដំបូង ក្នុងនាមជាកីឡាករបម្រុងក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល ដោយ Arsenal បានប្រកួតស្មើជាមួយក្រុម Nuremberg ក្នុងលទ្ធផល ១–១។ លោក Arteta បានឱ្យដឹងដូច្នេះថា អ្វីៗអាស្រ័យលើពេលវេលា សម្រាប់ Havertz ថាតើគេអាចលេងនៅទីតាំងណាដែលល្អបំផុតសម្រាប់ក្រុម។
ក្នុងការប្រកួតនេះ Bukayo Saka បើកការស៊ុតបញ្ចូលទីនៅនាទីទី៤ នៅកីឡដ្ឋាន Max Morlock មុនពេល Jorginho បង្កកំហុសធ្វើឱ្យបាល់ចូលទីខ្លួនឯង ដើម្បីផ្ដល់គ្រាប់បាល់តាមស្មើសម្រាប់ក្រុមម្ចាស់ផ្ទះ។
សារព័ត៌មាន BBC បានរាយការណ៍ថា Arsenal នឹងបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើ West Ham វ័យ ២៤ ឆ្នាំ និងខ្សែបម្រើអង់គ្លេស Declan Rice ក្នុងតម្លៃ ១០៥ លានផោននៅសប្ដាហ៍នេះ។ ការផ្ទេរពី West Ham ត្រូវបានយល់ព្រមកាលពីខែមុន ប៉ុន្តែមានបញ្ហាឯកសារពីមេធាវីរបស់ក្រុម Arsenal ។
ក្រុមរបស់លោក Arteta នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអាទិត្យ សម្រាប់ការចាប់ផ្តើមដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដែលពួកគេនឹងមានការប្រកួតចំនួន៣ នៅទីនោះ។
ក្រុមកាំភ្លើងធំចាប់ផ្តើមយុទ្ធនាការ Premier League របស់ពួកគេជាមួយនឹងក្រុម Nottingham Forest នៅកីឡដ្ឋាន Emirates នាពាក់កណ្ដាលខែសីហា៕