លោក David Moyes អ្នកចាត់ការទូទៅរបស់ក្រុម West Ham United ត្រូវបានសួរអំពីកិច្ចព្រមព្រៀង Declan Rice ផ្ទេរទៅ Arsenal ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Perth ប្រទេសអូស្ត្រាលី នៅថ្ងៃទី១៤ ខែកក្កដានេះ ដោយអ្នកចាត់ការរូបនេះ មិនអាចប្រាប់អ្វីបានឡើយ ប៉ុន្តែបញ្ហានេះធ្វើឱ្យគាត់មិនអាចរៀបចំផែនការសម្រាប់ក្រុម។
ក្រុមកាំភ្លើងធំ Arsenal ត្រូវបានរាយការណ៍ថាបានយល់ព្រមលើកិច្ចព្រមព្រៀងរបស់ Rice ហើយ។ ទោះជាយ៉ាងណា មកទល់ពេលនេះវាមិនទាន់មានការប្រកាសជាផ្លូវការណាមួយនោះទេ។
អ្នកគាំទ្រទាំង Arsenal និង West Ham កំពុងអន្ទះសារង់ចាំការប្រកាសជាផ្លូវការ ស្របពេលដែលលោក Moyes បាននិយាយថាគាត់ដូចជាអ្នកគាំទ្រជាច្រើនដែរ គឺគ្រាន់តែតាមដានព័ត៌មានដើម្បីមើលថាតើវានឹងទៅរួចឬអត់។
គាត់បានប្រាប់ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Perth ថា៖ “ខ្ញុំទើបតែបានស្តាប់ Sky ហើយខ្ញុំបានយកព័ត៌មានពី Sky ។ ខ្ញុំមិនបានដឹងរឿងនេះទេ។ អ្នក (អ្នកសារព័ត៌មាន) គួរតែដឹងអំពីវាច្រើនជាងខ្ញុំ ហើយទទួលបានព័ត៌មានលឿនជាងខ្ញុំ។ ដូច្នេះ ខ្ញុំរីករាយនឹងស្តាប់នូវអ្វីដែលអ្នកនិយាយ។”
លោកបន្តថា៖ “បើវាមិនទាន់រួចរាល់ យើងមិនអាចរៀបចំផែនការអ្វីបានទេ។ យើងនឹងរង់ចាំមើលថានឹងមានអ្វីកើតឡើង។ គ្រប់គ្នាដឹងពីស្ថានភាពនេះ យើងរំពឹងថានឹងមានអ្វីមួយកើតឡើង។ ខ្ញុំឮអ្នកនិយាយថាវាទទួលជោគជ័យតាំងពី២សប្តាហ៍មុនម្ល៉េះ ប៉ុន្តែឥឡូវនៅតែគ្មានអ្វីជាផ្លែផ្កាទាល់តែសោះ”។
Arsenal នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអាទិត្យ សម្រាប់ការចាប់ផ្តើមដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដែលពួកគេនឹងមានការប្រកួតចំនួន៣ នៅទីនោះ ហើយការប្រកាសពីការមកដល់របស់ Rice ត្រូវបានរំពឹងថានឹងកើតឡើងមុនដំណើរទស្សនកិច្ចនេះ៕