ខ្សែប្រយុទ្ធសញ្ជាតិអាមេរិក Christian Pulisic បានបញ្ចប់ការផ្ទេរពី Chelsea ក្នុងតម្លៃ ២០លានផោនទៅកាន់ក្លិបអ៊ីតាលី AC Milan។
Pulisic វ័យ ២៤ឆ្នាំបានចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយក្រុមមកពីក្របខណ្ឌ Serie A ជាមួយនឹងជម្រើសបន្តកុងត្រាមួយឆ្នាំទៀត។ រូបគេស៊ុតបញ្ចូលទីបាន ២៦គ្រាប់ក្នុង ១៤៥ ប្រកួតនៅ Chelsea និងរួមចំណែកក្នុងការឈ្នះពានរង្វាន់ Champions League កាលពីឆ្នាំ២០២១។
ទោះជាយ៉ាងណា Pulisic បានក្លាយជាចំណែកលើសនៅកីឡដ្ឋាន Stamford Bridge ដោយស៊ុតបញ្ចូលទីបានតែម្តងគត់ ក្នុងរដូវកាលចុងក្រោយរបស់គេ។
Pulisic បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ “វាជារឿងដ៏លំបាកមួយកាលពីប៉ុន្មានរដូវកាលមុនជាមួយ Chelsea ។ ទោះបីជាហេតុផលអ្វីក៏ដោយ វាដោយសារខ្ញុំមិនទទួលបានឱកាសលេងគ្រប់គ្រាន់” ។ រូបគេបន្តថា៖ “សម្រាប់ខ្ញុំ វាជាឱកាសដ៏ល្អមួយក្នុងការដើរចេញ ចាប់ផ្តើមថ្មី និងលេងឱ្យក្រុមធំបែបនេះ“។
Chelsea បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីការផ្ទេរនេះ។ Pulisic បានចូលរួមជាមួយ Chelsea ពី Borussia Dortmund ក្នុងតម្លៃ ៥៧,៦ លានផោនក្នុងឆ្នាំ២០១៩ ដែលធ្វើឱ្យគេក្លាយជាកីឡាករថ្លៃបំផុតមកពីអាមេរិកខាងជើង។ រូបគេលេងឱ្យក្រុមជម្រើសជាតិអាមេរិក ៦០ដង។
សូមជម្រាបថា អតីតមិត្តរួមក្រុមរបស់គេ ពោលគឺ Ruben Loftus-Cheek បានចូលរួមជាមួយ AC Milan នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះផងដែរ៕