លោក Uli Hoeness ប្រធានកិត្តិយសរបស់ក្លិប Bayern Munich មានទំនុកចិត្តថា ពួកគេនឹងចុះហត្ថលេខាផ្ទេរប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ។
ម្ចាស់ជើងឯកអាល្លឺម៉ង់ ត្រូវបានគេរាយការណ៍ថាត្រៀម ៧០លានផោនសម្រាប់ខ្សែប្រយុទ្ធ Tottenham Hotspur ។ លោក Daniel Levy ដែលជាប្រធានរបស់ក្លិបមាន់ខ្នាយមាស បានជួបជាមួយមន្ត្រីរបស់ Bayern Munich កាលពីថ្ងៃព្រហស្បតិ៍។
លោក Hoeness បានបញ្ជាក់ថា ជំហររបស់ Kane គឺផ្ទេរមកកាន់ Bayern Munich ដោយ “គេចង់លេងនៅពានរង្វាន់អឺរ៉ុប ហើយសំណាងល្អសម្រាប់ពួកយើង Tottenham នឹងមិនលេងទេនៅឆ្នាំក្រោយ។ ឥឡូវនេះ រូបគេមានឱកាសមួយផ្សេងទៀត ដើម្បីមកកាន់ក្លិបកំពូលមួយនៅអឺរ៉ុប”។
លោក Hoeness បានបង្ហាញថា ការពិភាក្សាជាមួយបងប្រុសរបស់ Kane គឺលោក Charlie ដែលជាភ្នាក់ងាររបស់គាត់ និងឪពុករបស់គាត់គឺ Patrick មានភាពវិជ្ជមាន។
Kane ដែលនឹងផុតកុងត្រានៅខែមិថុនាឆ្នាំក្រោយ បានស៊ុតបញ្ចូលទីបាន ៣០ គ្រាប់នៅក្របខណ្ឌ Premier League កាលពីរដូវកាលមុន។
កាលពីសប្តាហ៍មុន អ្នកចាត់ការថ្មីរបស់ Spurs លោក Ange Postecoglou បាននិយាយថា គាត់នឹងបង្ហាញ ចក្ខុវិស័យរបស់គាត់សម្រាប់ក្លិបទៅកាន់ Kane ។ កីឡាករវ័យ២៩ឆ្នាំរូបនេះ ត្រូវបានគេដាក់ឈ្មោះក្នុងក្រុម សម្រាប់ការប្រកួតមុនបើករដូវកាលរបស់ក្លិបក្នុងប្រទេសអូស្ត្រាលី ថៃ និងសិង្ហបុរី៕