កាលពីពេលថ្មីៗនេះ លីគបាល់ទាត់អេឡិចត្រូនិកកម្ពុជា ត្រូវបានប្រកាសបង្កើតឡើងជាផ្លូវការ ដោយក្រុមហ៊ុនលីគកំពូលកម្ពុជា ហើយបេក្ខជនដែលត្រូវបានអនុញ្ញាតឱ្យចូលរួម នឹងប្រកួតគ្នាលើវិញ្ញាសា eFootball សម្រាប់ប្រភេទ Console ។
លីគបាល់ទាត់អេឡិចត្រូនិកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា នឹងបើកទទួលបេក្ខជនចុះឈ្មោះចូលរួមប្រកួតសម្រាប់ចំនួន ២៥៦ នាក់តែប៉ុណ្ណោះ។ ការប្រកួតវគ្គជម្រុះ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ ដោយបេក្ខជនទាំងអស់នឹងប្រកួតនៅក្នុងវគ្គជម្រុះ (Quailification Round)។
នេះគឺជាការបោះជំហានថ្មីមួយទៀតសម្រាប់វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការរៀបចំការប្រកួតប្រភេទកីឡាអេឡិចត្រូនិកនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូងពុំធ្លាប់មាន កាលពីស៊ីហ្គេម២០២៣ដែលបានបញ្ចប់កាលពីខែឧសភាកន្លងទៅ។
ថ្មីៗនេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក៏បានរៀបចំផងដែរនូវការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិចំនួន២រូបលើវិញ្ញាសា eFootball-Mobile និង eFootball-Console ដើម្បីបញ្ជូនទៅចូលរួមប្រកួតនៅក្នុងពានរង្វាន់កម្រិតតំបន់អាស៊ីអាគ្នេយ៍ Ifel South East Asia Championship ឆ្នាំ ២០២៣ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដែលទើបតែបានបញ្ចប់កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅ ដើម្បីឱ្យកីឡាករជម្រើសជាតិកម្ពុជាបានដកស្រង់បទពិសោធនៅក្នុងការប្រកួតកម្រិតអន្តរជាតិ៕