Luton Town ត្រូវបានសមាគមកីឡាបាល់ទាត់អង់គ្លេស ចោទប្រកាន់ពីបទឧប្បត្តិហេតុក្នុងការប្រកួតPlayoff វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Championship របស់ពួកគេជាមួយនឹងក្រុម Sunderland ។
Amad Diallo របស់ Sunderland ដែលខ្ចីជើងពី Manchester United ត្រូវបានរុញដោយអ្នកគាំទ្ររបស់ Luton អំឡុងពេលប្រកួតកាលពីថ្ងៃទី១៦ ខែឧសភា។ បន្ទាប់ពីការប្រកួតនេះ Luton បានដាក់បម្រាមលើអ្នកគាំទ្រម្នាក់។ បន្ទាប់មកមានការលុកលុយក្នុងទីលានផងដែរ បន្ទាប់ពីជ័យជម្នះ ២-០ របស់ Luton ដែលបានបញ្ជូនពួកគេទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Championship ។
FA ក៏បានចោទប្រកាន់ថា ភាគី Luton បានបរាជ័យក្នុងការផ្តល់ព័ត៌មាន រួមទាំងការសង្កេតជាលាយលក្ខណ៍អក្សរ និងវីដេអូ ដែលត្រូវបានស្នើសុំសម្រាប់ការស៊ើបអង្កេតចំពោះឧប្បត្តិហេតុទាំងនេះ។
Luton ដែលបានផ្តួល Coventry City នៅកីឡដ្ឋាន Wembley ដើម្បីទទួលបានការឡើងទៅកាន់ក្របខណ្ឌ Premier League មានរយៈពេលរហូតដល់ថ្ងៃសុក្រ ទី២១ ខែកក្កដា ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់។
សេចក្តីថ្លែងការណ៍របស់ FA បាននិយាយថា៖ “យើងបានចោទប្រកាន់ Luton Town ពីបទបំពានច្បាប់មាត្រា E21 និង F2 ទាក់ទងនឹងការប្រកួត EFL Championship របស់ពួកគេទល់នឹង Sunderland នៅថ្ងៃអង្គារទី១៦ ខែឧសភា”។
សេចក្តីថ្លែងការណ៍បានបន្តថា ក្លិបបានបរាជ័យក្នុងការគ្រប់គ្រងអ្នកគាំទ្ររបស់ពួកគេ ឱ្យមានរបៀបរៀបរយ អាកប្បកិរិយាមិនសមរម្យ នៅនាទីទី១៤ ដោយលុកលុយទៅលើទីលាន៕